ឆ្នាំ២០២០នេះ សមត្ថកិច្ច​នឹងពង្រឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍ផ្លូវគោក

ដោយ៖ ​លោក អឿន ស្រួ​

​គ្រោះថ្នាក់​ចរាចរណ៍​កើនឡើង​នៅ​ឆ្នាំ​២០១៩ ខណៈ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម​ ប្ដេជ្ញា​បន្ត​វិធានការ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​បង្កើន​ការផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​។ នេះ​ជា​ប្រសាសន៍​របស់លោក​វរៈសេនីយ៍ទោ សែម សាន នាយការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម​។​

លោក​វរៈសេនីយ៍ទោ សែម សាន បាន​ប្រាប់​វិទ្យុជាតិ​ភ្នំ​ប្រុស​ភ្នំ​ស្រី​ខេត្តកំពង់ចាម​នៅ​ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០២០​ថា ទន្ទឹម​ទៅនឹង​ការកើនឡើង​នូវ​ករណី​គ្រោះថ្នាក់​ចរាចរ​និង​អ្នកស្លាប់​និង​របួស ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម​បាន​ត្រៀមលក្ខណៈ​រួចជាស្រេច ដោយមាន​ផែនការ​និង​វិធានការ​ច្បាស់លាស់ ដើម្បី​អនុវត្តន៍​ទៅតាម​អនុសាសន៍​ក៏ដូចជា​ច្បាប់​ដែលមាន​ស្រាប់ ដែល​ចក្ខុវិស័យ​គឺ​ចង់​ឲ្យ​ករណី​គ្រោះថ្នាក់​បាត់បង់​ជីវិត ក៏ដូចជា​របួស ការខូចខាត​ទ្រព្យសម្បត្តិ​ឲ្យ​មានការ​ទាប​បំផុត​។​

​លោក​វរៈសេនីយ៍ទោ​បាន​បន្ថែមថា មូលហេតុ​បង្ករ​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ជា​ចំបង​គឺ​កត្តា​មនុស្ស ដោយ​អ្នកបើកបរ​ធ្វេសប្រហែស ប្រើប្រាស់​ល្បឿន​លឿន មិន​ប្រកាន់​ស្តាំ ជែង​ក្នុងស្ថានភាព​គ្រោះថ្នាក់ បើកបរ​ក្នុងស្ថានភាព​ស្រវឹង បើកបរ​បញ្ច្រាស់ទិស មិន​គោរព​សិទ្ធិ​អាទិភាព ពិសេស​អ្នកបើកបរ​ម៉ូតូ​មិន​ពាក់មួក​សុវត្ថិភាព​។​

ឆ្នាំ​២០២០​នេះ គឺ​ត្រូវតែ​ពង្រឹង​វិធានការ​រឹតបន្តឹង​ច្បាប់​ចរាចរ​ណ៌​ផ្លូវគោក​ឲ្យ​បាន​តឹងរឹង​បំផុត លើសពី​ឆ្នាំមុនៗ ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​ស្ថិតក្នុង​កំរិត​ទាប​បំផុត​។ លោកនាយ​ការិយាល័យ​បាន​បន្ថែមថា បងប្អូន​ប្រជាពលរដ្ឋ ពិសេស​អ្នកប្រើប្រាស់​ផ្លូវ ត្រូវ​ចូលរួម​ជាមួយ​ស្ថាប័ន​មាន​សមត្ថកិច្ច និង​សហ​ការណ៍​ជាមួយ​កងកម្លាំង​នគរបាល ដើម្បី​រក្សា​សុវត្ថិភាព និង​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ឲ្យ​មាន​ប្រសិទ្ធភាព​។​

យោងតាម​របាយការណ៍​សរុប​សភាពការណ៍ កិច្ចប្រតិបត្តិការ​ប្រចាំឆ្នាំ​២០១៩ របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម​បាន​ឲ្យ​ដឹងថា គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន ២០២​ករណី ធៀប​ទៅនឹង​ឆ្នាំ​២០១៨ មាន​ចំនួន​១៩១​ករណី កើនឡើង​១១​លើក និង​បង្ករ​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​១២០​នាក់ ធៀប​ទៅនឹង​ឆ្នាំ​២០១៨ មាន​ចំនួន​១០១​នាក់ កើនឡើង​ចំនួន​១៩​នាក់​៕