(កំពង់ចាម) អភិបាលរងខេត្តកំពង់ចាម លោក ហាន កុសល ថ្លែងថា ការថែរទាំសុខភាពបឋម គឺទាមទារឲ្យមានការចូលរួមពី សមាសភាពគ្រប់ភាគី ទាំងមន្ត្រីផ្តល់សេវាសាធារណៈ និងប្រជាពលរដ្ឋ ។ ថ្លែងបែបនេះនៅក្នុងឱកាសដឹកនាំ កិច្ចប្រជុំត្រៀមរៀបចំក្រុមការងារអភិវឌ្ឍន៍ និងគ្រប់គ្រងក្របខណ្ឌអនុវត្តការជំរុញ ការបង្កើន ការថែទាំសុខភាពបឋម (ក.ជ.ថ.ស.ប) ថ្នាក់ខេត្ត ដែលរៀបចំឡើង នៅសាលប្រជុំមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ ។
នាឱកាសនោះ លោក ហាន កុសល បានមានប្រសាសន៍ថា ការថែទាំសុខភាពបឋម មានន័យថា ក្នុងនាមមន្ត្រីផ្តល់សេវាសុខាភិបាលសាធារណៈ ជូនប្រជាពលរដ្ឋ ត្រូវបង្កើនការខិតខំប្រឹងប្រែង ការពារ បង្ការប្រជាពលរដ្ឋ ជៀសឆ្ងាយពីជំងឺផ្សេងៗ ដែលពួកគាត់មិនបានការពារ ដោយសារពួកគាត់ខ្វះការយល់ដឹង សម្រាប់ការ ការពារខ្លួនឯង ។ លោកអភិបាលរងខេត្ត បានបន្តថា ការថែទាំសុខភាពបឋម គឺជាអភិក្រមសង្គមទាំងមូល ដើម្បី សុខភាពដែលសំដៅធានាធ្វើឲ្យប្រសើរឡើង សុខភាព និងសុខមាលភាព ដោយផ្តោតលើតម្រូវការរបស់ប្រជាពលរដ្ឋ និងការឆ្លើយតបតាមតម្រូវការ បានទាន់ពេលវេលា រួមនឹងការផ្តល់សេវា ចាប់ពីការលើកកម្ពស់សុខភាព និងការបង្ការជំងឺ រហូតដល់ការព្យាបាល ការស្ថារនីតិសម្បទា និងការព្យាបាល ជាដើម ។
ឯកឧត្ដមវេជ្ជបណ្ឌិត គីមសួរ ភីរុណ ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ចាម បានមានប្រសាសន៍ថា អនុវត្តតាមអនុសាសន៍ ណែនាំដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តម សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដាក់ចេញនូវគោលការណ៍ជាយុទ្ធសាស្ត្រថ្មីៗ ដើម្បី ពង្រឹង និងពង្រីក សេវាសាធារណៈក្នុងវិស័យសុខាភិបាលឲ្យកាន់តែប្រសើរឡើង ។
ជាក់ស្ដែងមន្ទីរសុខាភិបាល បានណែនាំដល់ ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់ សូមបង្កើនការចុះពង្រឹង និងពង្រីកលើសេវាមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក ដោយត្រូវផ្តល់សេវាជូនប្រជាពលរដ្ឋ ឲ្យបាន ២៤ម៉ោង លើ ២៤ម៉ោង ក្នងមួយសប្តាហ៍ ដោយត្រូវប្រកាន់ភ្ជាប់នូវការគោរពវិន័យ ក្រមសីលធម៌ វិជ្ជាជីវ: ដើម្បី ផ្តល់សេវាសុខាភិបាលឲ្យមានគុណភាព គុណធម៌ និងសុវត្ថិភាព ជូនអ្នកជំងឺប្រកបដោយភាពសុខសប្បាយ ជាមួយគ្នានោះ សូមថ្នាក់ដឹកនាំ និងមន្ត្រីផ្តល់សេវា គ្រប់លំដាប់ថ្នាក់ ត្រូវខិតខំកែលម្អមណ្ឌលសុខភាព និងមន្ទីរពេទ្យ ឲ្យបានស្អាតល្អ ទៅតាមស្តង់ដារផងដែរ ៕