សិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីវិនិយោគ និងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគ និងកម្មវិធីកសាងសមត្ថភាពមន្រ្តីនៃអនុគណៈកម្មាធិការវិនិយោគខេត្តកំពង់ចាម និងត្បូងឃ្មុំ

ធីម សារ៉ន

(កំពង់ចាម) នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ ដោយមានកិច្ចសហការ ជាមួយរដ្ឋបាលខេត្តកំពង់ចាម ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីវិនិយោគ និងអនុក្រឹត្យ ស្ដីពីការអនុវត្តច្បាប់ស្ដីពីវិនិយោគជូនថ្នាក់ដឹកនាំ និងមន្រ្ដីនៃអនុគណៈកម្មាធិការវិនិយោគខេត្តកំពង់ចាម និងត្បូងឃ្មុំ ក្នុងគោលបំណងបំពាក់បំប៉នចំណេះដឹង និងឧត្តមានុវត្តន៍ ជូនប្រតិបត្តិករ ដែលជាមន្ត្រីពាក់ព័ន្ធជុំវិញ អនុគណៈកម្មាធិការវិនិយោគខេត្តទាំងពីរ។

កម្មវិធីនេះធ្វើឡើង នៅសាលប្រជុំមន្ទីរផែនការខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមជាអធិបតីពីសំណាក់ ឯកឧត្តមហេង សុខណាង អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា ឯកឧត្តម ឡោ ចាន់លី អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម និងមានការអញ្ជើញចូលរួមពីមន្ទីរអង្គភាព និងអង្គការពាក់ព័ន្ធ ជាច្រើនរូបទៀ។

ក្នុងឱកាសនោះ ឯកឧត្តមអគ្គលេខាធិការរង បានថ្លែងអំណរគុណជូនថ្នាក់ដឹកនាំ នៃគណៈអភិបាលខេត្តទាំងពីរ ដែលបានផ្តល់ឱកាសជូនមន្ត្រីរបស់ខ្លួនក្នុងការអញ្ជើញមកទទួលយកពុទ្ធិ និងចំណេះដឹងបន្ថែមពាក់ព័ន្ធ នឹងកិច្ចការស្តីពីវិនិយោគ សំដៅត្រៀមខ្លួនប្រកបដោយបុរេសកម្ម ក្នុងការផ្តល់កិច្ចសម្រួលវិនិយោគដោយប្រកាន់ខ្ជាប់នូវការផ្តល់សេវា ឱ្យបានឆាប់រហ័ស. ទាន់ពេលវេលា និងមានប្រសិទ្ធភាព ជូនវិនិយោគិន និងធុរជនប្រើប្រាស់សេវានានា នៅតាមបណ្តាអនុគណៈកម្មាធិការវិនិយោគខេត្តទាំងពីរ នាពេលដ៏ខ្លីខាងមុខ។

លោក ឡោក ចាន់លី អភិបាលរង ខេត្តកំពង់ចាម បានបង្ហាញនូវជំនឿចិត្តយ៉ាងមុតមាំថា អង្គសិក្ខាសាលាបន្ទាប់ពីបាន ស្ដាប់ការធ្វើបទបង្ហាញ និងទទួលបានចំណេះដឹងបន្ថែមពាក់ព័ន្ធ នឹងកិច្ចការស្តីពីវិនិយោគ ។

លោកអភិបាលរងខេត្ត បានសំណូមពរ សូមអោយអង្គសិក្ខាសាលា ដែលបានចូលរួមនៅថ្ងៃនេះ សូមព្យាយាមស្វ័យសិក្សា ឈ្វេងយល់បន្ថែមពាក់ព័ន្ធនឹងកិច្ចការងារវិនិយោគនេះ ដើម្បីអនុវត្តនូវសិទ្ធិអំណាចដែលត្រូវបានប្រគល់ជូនប្រកបដោយក្រមសីលធម៌ មនសិការវិជ្ជាជីវៈ និងស្មារតីទទួលខុសត្រូវខ្ពស់ ជាពិសេសប្រើប្រាស់ធនធានសក្ដានុពលដើម្បីទាក់ទាញវិនិយោគិន មកបណ្ដាក់ទុនវិនិយោគនៅក្នុងខេត្តទាំងពីរ ៕