អភិបាលស្រុក​ចំការលើ នាំ​អំណោយ​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ផ្ដល់ជូន​គ្រួសារ​រងគ្រោះ​ដោយ​អគ្គីភ័យ

នួន សត្យា

(​កំពង់ចាម​)៖ អភិបាល​នៃ​គណៈ​អភិបាលស្រុក​ចំការលើ លោក​សំ ពិសិដ្ឋ នៅ​រសៀល​ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២១ បាន​ដឹកនាំ​ក្រុមការងារ នាំ​អំណោយ​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ផ្ដល់ជូន​គ្រួសារ​រងគ្រោះ​ដោយ​អគ្គិភ័យ បណ្ដាល​ឲ្យ​ស្លាប់​កូន​ម្នាក់ កាលពី​ថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ​២០២១ វេលា​ម៉ោង​១៨.៤៥​នាទី នៅ​ភូមិព​ព្រេង ឃុំ​ស្ពឺ ស្រុក​ចំការលើ​។

​អភិបាលស្រុក​ចំការលើ លោក សំ ពិសិដ្ឋ បាន​ឲ្យ​ដឹងថា លោក​បាន​ដឹកនាំ​ក្រុមការងារ អនុសាខា​កាកបាទក្រហមកម្ពុជា​ស្រុក​ចំការលើ និង​មានការ​និមន្ត​ចូលរួម​ពី​ព្រះ​សិរី​វេទី យី ស៊ា​ង​ហៃ ព្រះ​អនុគណ​ស្រុក និង​ព្រះចៅអធិការ​ចំនួន ១១​វត្ត ព្រមទាំង​សាខាសមាគម សិស្ស និស្សិត បញ្ញវន្ត​ក្មេង​វត្ត​ខេត្តកំពង់ចាម បាន​និមន្ត និង​អញ្ជើញ​ចុះសួរសុខទុក្ខ​ប្រជាពលរដ្ឋ ជួប​ករណី​ឆេះ​កា​រ៉ា​ស់​សាំង ឈ្មោះ ជឹម រី​ន ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ ជាតិខ្មែរ ។ ករណីនេះ បណ្តាលអោយ​ស្លាប់​មនុស្ស ០១​នាក់​ឈ្មោះ អឿន រដ្ឋា ភេទ​ស្រី អាយុ ៣០​ឆ្នាំ ជាតិខ្មែរ (​ត្រូវជា​កូន​ម្ចាស់ផ្ទះ​)​។ មូលហេតុ បណ្តាលអោយ​ស្លាប់ ដោយសារ​ជនរងគ្រោះ​ចូល​យក​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ​។​

​លោក​អភិបាលស្រុក​បាន​ឲ្យ​ដឹង​ទៀតថា ក្រៅពី​ការ​សំណេះសំណាល ជួយ​រំលែក​ទុក្ខ​ជនរងគ្រោះ ក្រុមការងារ​បាន​នាំយក គ្រឿងឧបភោគ​បរិភោគ​របស់​អនុសាខា​កាកបាទក្រហម​ស្រុក រួមមាន ១​ឃី​ត​; អង្ករ​២០​គីឡូក្រាម​; ថវិកា ៦០០.០០០៛ សម្ភារៈ​របស់​មន្ត្រី​សង្ឃ​រួមមានៈ ឃី​ត ០៧​កញ្ចប់​; មី​០៤​កេស​; ទឹកបរិសុទ្ធ​០៤​យួរ​+២​កេស​; ទឹក​ផ្លែឈើ​០៣​កេស ; ត្រីខ​២​យួរ​; អង្ករ ១៦០​គីឡូក្រាម​; និង​បច្ច័យ​ចំនួន ១.៤០០.០០០៛​ផងដែរ​។​

​ចំពោះ​សម្ភារៈ​របស់​សាខាសមាគម​រួមមាន​៖ អង្ករ ០៣​កា​រ៉ុង និង​ទឹក​សុទ្ធ​១៥​យួរ​។ សរុប​ថវិកា​ទាំងអស់ ២.០០០.០០០៛ ។​