ឯកឧត្តម គីម​សួរ ភិ​រុណ និង​អាជ្ញាធរ​ស្រុក​កំពង់សៀម ចុះ​ពិនិត្យ​ទីតាំង​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩

នួន សត្យា

(​កំពង់ចាម​)៖ ឯកឧត្តម វេជ្ជបណ្ឌិត គីម​សួរ ភិ​រុណ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ចាម រួម​និង​អាជ្ញាធរ​ស្រុក​កំពង់សៀម នៅ​ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២១ បាន​ចុះ​ពិនិត្យ​ទីតាំង ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ក្នុងភូមិ​សាស្ត្រ​ស្រុក​កំពង់សៀម ខេត្តកំពង់ចាម ។​

​លោក ប៊ិន ឡា​ដា អភិបាល នៃ​គណៈ​អភិបាលស្រុក​កំពង់សៀម បាន​ឲ្យ​ដឹងថា គណៈ​អភិបាលស្រុក និង​ក្រុមការងារ​សាលាស្រុក បាន​ចុះ​ពិនិត្យ​ទីតាំង ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ នៅ​សាលាបឋមសិក្សា​វត្ត​ថ្មី និង​សាលាបឋមសិក្សា​ភ្នំ​ប្រុស បន្ទាប់មក ក្រុមការងារ បាន​អមដំណើរ ឯកឧត្តម វេជ្ជបណ្ឌិត គីម​សួរ ភិ​រុណ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ចាម ចុះ​ពិនិត្យ​ទីតាំង ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ សាលាបឋមសិក្សា​អ​ង្គួ​ញ​ដី​, និង សាលាបឋមសិក្សា​អង្គរ ។​

​យ៉ាងណាក៏ដោយ លោក​អភិបាលស្រុក​កំពង់សៀម បាន​បញ្ជាក់ថា នៅ​គ្រប់​ទីតាំង​ទាំង 8 ដែល​កំពុងដំណើរការ​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​ក្នុងភូមិ​សាស្ត្រ​ស្រុក​កំពង់សៀម គឺមាន​សភាពការណ៍ និង​សន្តិសុខ​សណ្ដាប់ធ្នាប់​ល្អប្រសើរ មិនមាន​អ្វី​គួ​អោយ​កត់សម្គាល់​ឡើយ​។​