លោកជំទាវ ញូង ចរិយា កោតសរសើរដល់ប្រជាពលរដ្ឋឃុំល្វេ ដែលបន្តថែរក្សា អភិរក្សប្រពៃណីត្បាញហូល ពីដូនតារហូតមកទល់បច្ចុប្បន្ន

ភ័ណ្ឌ ប៉ាង

លោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្ថិភាព និងការអភិវឌ្ឍន៍សាខាខេត្តកំពង់ចាម អមដំណើរដោយ លោកជំទាវ ប៉ាង ដានី ប្រធានប្រតិបត្តិសមាគមនារីកម្ពុជាសាខាខេត្តកំពង់ចាម និងសមាជិក សមាគមនារីខេត្ត នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ បានអញ្ជើញសួរសុខទុក្ខ និងអំណរគុណដល់ប្រជាពលរដ្ឋរស់នៅឃុំល្វេ ស្រុកកោះសូទិន ខេត្តកំពង់ចាម ដែលចាប់មុខរបបត្បាញហូលខ្មែរ ប្រឹងប្រែងបន្តថែរក្សាកេរ្តិ៍ដំណែល ត កូនចៅជាច្រើនជំនាន់ ហើយក៏អាចផ្តល់ឱ្យស្ត្រីមានឱកាសរកប្រាក់ចំណូលបន្ថែមមកផ្គត់ផ្គង់ជីវភាពគ្រួសារផងដែរ។

លោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា បានសម្តែងនូវសមានចិត្តរីករាយ និងថ្លែងការកោតសរសើរដល់ បងប្អូនប្រជាពលរដ្ឋឃុំល្វេ ដែលចូលរួមការពារ អភិរក្ស នូវស្នាដៃសិប្បកម្មត្បាញហូល ដែលដូនតាខ្មែរ បានបន្សល់ទុកសម្រាប់ជាកេរដំណែលតកូនចៅជាច្រើនជំនាន់មក ហើយ ការបន្តប្រពៃណីតម្បាញហូលនេះ មិនត្រឹមតែចូលរួមលើកកម្ពស់ថែរក្សាវប្បធម៌ជាតិប៉ុណ្ណោះទេ ថែមទាំងផ្តល់ឱកាសការងារដើម្បីលើកកម្ពស់ជីវភាព និងលើកកម្ពស់ការប្រើប្រាស់ផលិតផលក្នុងស្រុកថែមទៀតផង។

លោកជំទាវ ក៏បានលើកឡើងផងដែរថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលអាណត្តិថ្មី របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជណាចក្រកម្ពុជា បានរក្សា ការពារ សុខសន្តិភាព ជាម្លប់ដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់ ។ ដូច្នេះយើងទាំងអស់គ្នាត្រូវរួមគ្នាបន្តសាមគ្គីថែរក្សា ទប់ស្កាត់រាល់សកម្មភាព ដែលបង្កើតភាពវឹកវរដល់សង្គម ហើយងាកមក ប្រឹងប្រែងរកភាពរីកចម្រើនក្នុងគ្រួសារ និងភាពរុងរឿងដល់ប្រទេសជាតិយើង សម្រាប់បច្ចុប្បន្ន និងអនាគត។