ក្រសួងអប់រំយុវជន និងកីឡា និងរដ្ឋបាលខេត្តកំពង់ចាម បើកទិវាកីឡាសម្រាប់ទាំងអស់គ្នាឆ្នាំ ២០២៤ ក្រោមប្រធានបទ ប្រជាជនម្នាក់ លេងកីឡាមួយប្រភេទប្រចាំជីវិតយ៉ាងតិច

ធឹម សារ៉ន

កំពង់ចាម ៖ ក្រសួងអប់រំយុវជន និងកីឡា និងរដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ៣១ ខែឧសភាឆ្នាំ ២០២៤ នេះ បានបើកទិវាកីឡាសម្រាប់ទាំងអស់គ្នា ឆ្នាំ ២០២៤ ក្រោមប្រធានបទ ប្រជាជនម្នាក់ លេងកីឡាមួយប្រភេទប្រចាំជីវិតយ៉ាងតិច ។ ពិធីនេះ ធ្វើឡើងនៅបរិវេណកីឡដ្ឋាន នៃការិយាល័យអប់រំយុវជន និងកីឡា ក្រុងកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តម សាមឺឌី ស៊ីវឌ្ឍនា រដ្ឋលេខាធិការក្រសួងអប់រំ និង លោក ខ្លូត ចិន្ដា អភិបាលរងខេត្តកំពង់ចាម ។

អភិបាលរងខេត្តកំពង់ចាម លោក ខ្លូត ចិន្តា បានមានប្រសាសន៍នាឱកាសនោះថា ដើម្បីចូលរួមចំណែកក្នុងការលើកកម្ពស់សុខភាព សុខុមាលភាពរបស់ប្រជាពលរដ្ឋតាមរយៈ ការរៀបចំទីកន្លែងហាត់ប្រាណ ក្លឹបហាត់ប្រាណ ដើម្បីលើកទឹកចិត្តឱ្យប្រជាពលរដ្ឋធ្វើការហាត់ប្រាណ និងលេងកីឡា ក្នុងគោលបំណងឱ្យប្រជាពលរដ្ឋមានសុខភាពល្អ បង្កើននូវសាមគ្គីភាព មិត្តភាព ព្រមទាំងការចូលរួមផ្សព្វផ្សាយអំពីគោលការណ៍របស់រាជរដ្ឋាភិបាល ក្នុងការត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡានោះផងដែរ ។

នៅក្នុងខេត្តកំពង់ចាម បានជំរុញឱ្យមានសកម្មភាពកីឡាផ្សេងៗដូចជា ៖ កីឡាសិស្សបឋមសិក្សា មធ្យមសិក្សារួមមាន៖ ប្រភេទកីឡាបាល់ទាត់កុមារា-កុមារី បាល់ទះកុមារា-កុមារី បាល់បោះកុមារា-កុមារី អត្តពលកម្មកុមារា- កុមារី និងកីឡាប៉េតង់កុមារា-កុមារី សរុបកីឡាករ កីឡាការិនី ២.០២៥នាក់ ស្រី ៣៩៨នាក់។ ចំណែកកីឡាមហាជនរួមមាន៖ ប្រភេទកីឡាបាល់ទាត់បុរស-នារី បាល់ទះបុរស-នារី បាល់បោះបុរស-នារី វាយសីបុរស-នារី វាយកូនឃ្លីលើតុបុរស និងកីឡាប៉េតង់បុរស-នារី សរុបកីឡាករ កីឡាការិនី ១.៣៥២នាក់ ស្រី ១៩៧នាក់។

រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា ឯកឧត្តម សាមឺឌី ស៊ីវឌ្ឍនា បានលើកឡើងផងដែរថា កីឡាសម្រាប់ទាំងអស់គ្នាជាកម្មវិធីសម្រាប់មហាជនផ្ដល់ឱកាសលើកទឹកចិត្តឱ្យមនុស្សទូទៅនៅក្នុងសង្គមគ្រប់វ័យ គ្រប់ភេទ គ្រប់មជ្ឈដ្ឋានបានចូលរួមក្នុងសកម្មភាពកីឡា ដើម្បីសកម្មភាពកម្សាន្តតាមបែបវប្បធម៌ ភាពសប្បាយរីករាយ លើកកម្ពស់សុខភាព សុខុមាលភាព និងអភិវឌ្ឍវិស័យកីឡាកម្រិតខ្ពស់ ។

ការរៀបចំទិវាកីឡាសម្រាប់ទាំងអស់គ្នានាពេលនេះ ជាការផ្ដល់ឱកាសដល់លោក លោកស្រី មន្ត្រីរាជការ នគរបាល កងរាជអាវុធហត្ថ កងយោពលខេមរភូមិន្ទ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សនៅខេត្តកំពង់ចាម បានចូលរួមហាត់ប្រាណ និងលេងកីឡាដើម្បីសុខភាព ភាពសប្បាយរីករាយ សុខភាពល្អ មិត្តភាព សាមគ្គីភាព។

សកម្មភាពលេងកីឡាក៏ធ្វើឱ្យមនុស្សគ្រប់រូបមានរូបស្រស់សង្ហា ស្មារតីភ្លឺថ្លា ប្រាជ្ញាវាងវៃ បានបញ្ចេញជាតិពុលពីក្នុងខ្លួនកាត់បន្ថយភាពស្ត្រេស ទប់ស្កាត់ជំងឺបៀតបៀន កាត់បន្ថយថ្លៃព្យាបាលជំងឺផងដែរ ៕