អាជ្ញធរខេត្តកំពង់ចាមនៅតែពង្រឹងវិធានការទប់ស្កាត់ជំងឺកូវីដ១៩ ចំពោះពលករចំណូលស្រុក

អត្ថបទដោយ៖ ធឹម សារ៉ន

គិតចាប់ពីដើមឆ្នាំ២០២០មក មានពលករខ្មែរដែលបានត្រឡប់មកពីក្រៅប្រទេស ប្រមាណជាង១ពាន់នាក់ ហើយបានធ្វើចត្តាឡីស័កនៅក្នុងមណ្ឌលចត្តាឡីស័កក្នុងខេត្តកំពង់ចាម។ ក្នុងនោះ បានរកឃើញវិជ្ជមានកូវីដ១៩ ចំនួន ៥ នាក់នៅស្រុកជើងព្រៃ ក្រោយពីបានធ្វើតេស្តលើកទី២ ពួកគេត្រូវបានដាក់ឱសម្រាកព្យាបាលនៅមន្ទីរពេទ្យមេគង្គ ខេត្តកំពង់ចាម។ នេះបើតាម លោកស្រី ខៀវ សុជាតិ ប្រធានការិយាល័យអធិការកិច្ចនិងវិវាទការងារ នៃមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ខេត្តកំពង់ចាម។

លោកស្រី ខៀវ សុជាតិ លើកឡើងបែបនេះ នៅក្នុងកម្មវិធីសន្ទនាមតិ វិទ្យុជាតិភ្នំប្រុសភ្នំស្រីខេត្តកំពង់ចាម នាថ្ងៃ អង្គារ ទី០៨ ខែ មិថុនា ឆ្នាំ២០២១ លើប្រធានបទ «វិធានការទប់ស្កាត់ជំងឺកូវិដ-១៩ ចំពោះពលករចំណូលស្រុក»។ លោកស្រីបន្តែមថា វិធានការចម្បងរបស់ខេត្តគឺធ្វើការផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋ យល់ គោរព និងអនុវត្តតាមវិធានរបស់ក្រសួងសុខាភិបាល ដោយត្រូវធ្វើយ៉ាងណានាំពលករដែលបានចូលមកដល់ក្នុងខេត្តនេះ បានធ្វើចត្តាឡីស័កឱ្យគ្រប់ ១៤ ថ្ងៃ នៅមណ្ឌលចត្តាឡីស័កមួយកន្លែង ដែលបានត្រៀមរួចជាស្រេច គឺមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ កំពង់ចាម ស្ថិតនៅភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម ។ ដោយក្នុងនោះអាជ្ញាធរខេត្តមានការរៀបចំនូវការផ្គត់ផ្គង់ម្ហូបអាហារ និងសម្ភារៈប្រើប្រាស់ដោយមិនឱ្យពួកគាត់មានការខ្វះខាតឡើយ។

លោកបានបញ្ជាក់បន្ថែមថា គិតត្រឹមថ្ងៃទី ០៨ ខែ មិថុនា ឆ្នាំ ២០២១ ខេត្តកំពង់ចាម មានពលករខ្មែរដែលបានត្រឡប់មកពីក្រៅប្រទេសចំនួន ១៥០ នាក់ បានកំពុង ធ្វើចត្តាឡីស័កនៅក្នុងមណ្ឌលធ្វើចត្តាឡីស័កក្នុងខេត្តកំពង់ចាម៕