លោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា អញ្ជើញសំណេះសំណាល សួរសុខទុក្ខ និងអំណោយផ្តល់ជូនដល់ក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យមេគង្គ

អត្ថបទដោយ៖ នួន សត្យា

(កំពង់ចាម)៖ លោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា ប្រធានសមាគមនារីថ្នាក់ខេត្ត អមដំណើរដោយលោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត ព្រមទាំងក្រុមការងារ នៅថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ២០២១ បានអញ្ជើញសួរសុខទុក្ខ និងនាំអំណោយផ្ដល់ជូនក្រុមគ្រូពេទ្យកំពុងព្យាបាលអ្នកជំងឺកូវីដ១៩ នៅមន្ទីពេទ្យមេគង្គកំពង់ចាម ។

តាមមន្ត្រីសមាគមនារីថ្នាក់ខេត្ត បានឲ្យដឹងថា ដើម្បីជាការលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យ ដែលជាទ័ពជួរមុខ កំពុងសកម្មមមាញឹកព្យាបាលអ្នកជំងឺកូវីដ១៩ នៅមន្ទីពេទ្យមេគង្គកំពង់ចាម លោក ជំទាវ ញូង ចរិយា អ៊ុន ចាន់ដា ប្រធានសមាគមនារីថ្នាក់ខេត្ត អមដំណើរដោយលោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត ព្រមទាំងក្រុមការងារ បានអញ្ជើញចុះសំណេះសំណាលជាមួយក្រុមគ្រូពេទ្យ នៅមន្ទីរពេទ្យមេគង្គកំពង់ចាម ។ ទន្ទឹមនឹងការចុះសំណេះសំណាលប្រកបដោយមនោសញ្ចេតនាជ្រាលជ្រៅនេះ លោកជំទាវប្រធាន និងក្រុមការងារបាននាំមកនូវអំណោយជាគ្រឿងឧបភោគបរិភោគ និងភេសជ្ជៈមួយចំនួន ផ្ដល់ជូនដល់ក្រុមគ្រូពេទ្យផងដែរ ។

ជាមួយគ្នានោះផងដែរ ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យមេគង្គកំពង់ចាម បានសម្ដែង នូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា និងលោកជំទាវ ប៉ាង ដានី ព្រមទាំងក្រុមការងារទាំងអស់ ដែលបានយកចិត្តទុកដាក់ចំពោះក្រុមគ្រូពេទ្យនាពេលនេះ ។