មន្ទីរសុខាភិបាលក្រើនរំលឹកប្រជាពល​រដ្ឋត្រូវបន្តអនុវត្តវិធានការ ៣ការពារ ៣កុំដើម្បី

អត្ថបទដោយ៖ អឿន ស្រួ

មន្ទីរសុខាភិបាលខេត្តកំពង់ចាម ក្រើនរំលឹកប្រជាពលរដ្ឋត្រូវបន្តអនុវត្តវិធានការ ៣ការពារ និង៣កុំ ដើម្បីអាចឈ្នះបាននូវវីរុសកូវីដ១៩ ខណៈវីរុសដ៏កាចសាហាវនេះកំពុងស្ថិតនៅក្នុងការឆ្លងរីករាលដាល់នៅក្នុងខេត្តកំពង់ចាមនៅឡើយ ពិសេសនៅតាមរោងចក្រ។ នេះបើតាមការលើកឡើងរបស់លោក លឹម សារិន ប្រធានឆ្លើយតបបន្ទាន់នៃមន្ទីរពេទ្យបង្អែកស្រុកកងមាស និងតំណាងឲ្យមន្ទីរសុខាភិបាលខេត្តកំពង់ចាម។


ជាវាគ្មិនក្នុងកម្មវិធីសន្ទនាមតិនៃវិទ្យុជាតិភ្នំប្រុសភ្នំស្រីខេត្តកំពង់ចាម នាថ្ងៃទី០៣ ខែមថុនា ឆ្នាំ២០២១ លោក លឹម សារិន មានប្រសាសន៍ថា មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកមពង់ចាមកំពុងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការផ្សព្វផ្សាយ និងទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ ក្នុងសហគមន៍។ លោកសូមអំពាវនាវ និងក្រើនរំលឹកទៅដល់ប្រជាពលរដ្ឋទាំងអស់មិនត្រូវមើលស្រាលជំងឺកូវីដ១៩ ទេព្រោះវាអាចចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតគ្រប់ពេលវេលា គ្រប់កាលៈទេសៈ និងគ្រប់ទីកន្លែង ប្រសិនបើបុគ្គលមិនបានការពារខ្លួនត្រឹមត្រូវទេនោះ។


បន្ថែមពីនេះទៀតលោក លឹម សារិន បន្តថាត្រូវរួមគ្នាអនុវត្តឱ្យបានខ្ជាប់ខ្ជួនជានិច្ចនូវវិធានការការពារខ្លួនសាមញ្ញៗ និងត្រូវបន្ដប្រុងប្រយ័ត្នផ្ទាល់ខ្លួនពីការឆ្លងជំងឺកូវីដ១៩ ដោយអនុវត្តឱ្យខាងតែបាននូវវិធានការ ៣កុំ និង ៣ការពារ រួមជាមួយនឹងវ៉ាក់សាំងកូវីដ-១៩ ដើម្បីបង្ការការពារកុំឱ្យសហគមន៍របស់យើង ឆ្លងវីរុសកូវីដ-១៩ នេះបាន។


សូមបញ្ជាក់ថា នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តកំពង់ចាមបានរកឃើញអ្នកមានផ្ទុកវីរុសកូវីដ១៩ ចំនួន៣២នាក់ថ្មីទៀត សរុបអ្នកជំងឺកូវីដ១៩ ចំនួន៩៤៩នាក់ ស្រី៧៦៥នាក់ អ្នកជំងឺកំពុងសម្រាកព្យាបាល៥៩៩នាក់ ស្រី៥០៩នាក់ ស្លាប់៣នាក់ និងអ្នកកំពុងធ្វើចត្តាឡីស័ក២៥៣៦នាក់ ៕