ប្រជាពលរដ្ឋទាំងអស់គ្នាត្រូវចូលរួមជាមួយអាជ្ញាធរទើបករណីជួញដូរស្រ្តីនិងកុមារថយចុះ

អត្ថបទដោយ៖ ពុធ ធាវី

តាមការអោយដឹងពីលោកស្រីវរសេនីយឯក ហេង ដាទ្បែន នាយការិយាល័យប្រឆាំងនិងការជួញដូរមនុស្សនិងការពារនិតិជន នៃស្នងការនគរបាលខេត្តកំពង់ចាម បានលើកទ្បើងក្នុងកម្មវីធីសន្ទនាមតិនៅវិទ្យុជាតិ កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១ថា ការជួញដូរមនុស្សក៏ដូចជាការជួញដូរស្រ្តីនិងកុមារ កន្លងមកក្នុងខេត្តកំពង់ចាមធ្លាប់បានជួបប្រទះច្រើនដែរ ដូចជាការចាញ់បោកមេខ្យល់បញ្ចុះបញ្ចូលអូសទាញស្ត្រីមួយចំនួនអោយរៀបការជាមួយជនបរទេស ក្នុងនោះភាគច្រើនគឺជាមួយជនជាតិចិន និងកូរ៉េ។


លោកស្រីបន្តថា ដោយសារការយល់ដឹងរបស់ប្រជាពលរដ្ឋនៅមានកំរិត ខ្វះការយល់ដឹងពីការទំនាក់ទំនង ពីគ្រោះយោបល់ជាមួយអាជ្ញាធរ មិនបានសិក្សាស្រាវជ្រាវប្រវត្តិរបស់ជនបរទេសបានច្បាស់ មុននឹងសម្រេចចិត្តអោយកូនស្រីរៀបការជាមួយជនបរទេសគឺត្រូវដឹងពីអ្វីនោះទេ។ កន្លងទៅកាលពីឆ្នាំ២០១៧ និង២០១៨ស្នងការដ្ឋាននគរបាលខេត្ត រួមជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់បានសហការបង្ក្រាបបានបទល្មើសជួញដូរបានជាច្រើនករណី ដោយបានសង្គ្រោះជនរងគ្រោះជាស្ត្រីនិងកុមាររួចផុតពីការជួញដូរ និងបានចាប់ជនល្មើសបញ្ជូនទៅតុលាការ ហើយមកដល់ពេលនេះជនល្មើសខ្លះនៅជាប់ពន្ធនាគារនៅទ្បើយ។

លោកស្រីវរសេនីយឯក ហេង ដាទ្បែន បានបញ្ជាក់ទៀតថា ការជួញដូរមនុស្សគឺការនាំមនុស្សធ្វើបំលាស់ទីចាកចេញពីផ្ទះដោយមិនបានទំនាក់ទំនងជាមួយក្រុមគ្រួសារ និងអាជ្ញាធរដឹងនោះទេ ដែលធ្វើអោយជនរងគ្រោះធ្លាក់ទៅក្នុងការជួញដូរពលកម្មនិងការជួញដូរផ្លូវភេទ។ ដូចច្នេះ ដើម្បីលុបបំបាត់ករណីជួញដូរស្ត្រី និងកុមារ មិនអោយកើតមានគឺផ្តើមចេញពីការសហការគ្នា មានតែការចូលរួមរបស់ប្រជាពលរដ្ឋសហការជាមួយអាជ្ញាធរនៅមូលដ្ឋានរបស់ខ្លួនក្នុងការផ្តល់ព័ត៌មានជាក់លាក់ ហើយស្នងការដ្ឋាននៅតែបន្តអនុវត្តផែនការផ្សព្វផ្សាយច្បាប់ និងអនុវត្តបង្ក្រាបបទល្មើសធ្វើយ៉ាងណាអោយការអនុវត្តមានប្រសិទ្ធភាព៕