ស្ត្រីនិងក្មេងស្រីនៅសហគមន៍ទទួលបានការផ្តល់សេវាសុខភាពតាមមណ្ឌលសុខភាព

អត្ថបទដោយ៖ ពុធ ធាវី

ការផ្តល់ទំនាក់ទំនងរវាងប្រជាពលរដ្ឋក្នុងសហគមន៍ជាមួយ និងមណ្ឌលសុខភាព ពិតជាមានសារៈសំខាន់ណាស់ ដើម្បីធានាថាមណ្ឌលសុខភាព បានទទួលព័ត៌មានពីប្រជាពលរដ្ឋស្តីពីសុខភាពនិង ការរាតត្បាតនៃជំងឺផ្សេងៗ និងបញ្ហាផ្នែកសុខភាពដទៃទៀតក្នុងសហគមន៍ដែលជាកត្តាចំបងសំរាប់តំរូវការ ក្នុងការផ្តល់ការគាំពារផ្នែកសុខាភិបាលដល់ពលរដ្ឋ ជាពិសេសការផ្តល់សេវាសុខភាពដល់ស្ត្រី និងក្មេងស្រី។


តាមការលើកទ្បើងពីលោកស្រី ផាត់ ពៅ ទទួលបន្ទុកកិច្ចការស្ត្រីនិងកុមារនៅឃុំថ្មពូន ស្រុកព្រៃឈរ បានលើកទ្បើងក្នុងកម្មវីធីសន្ទនាមតិនៅវិទ្យុជាតិភ្នំប្រុសភ្នំស្រី នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១ថា ស្ត្រីនិងក្មេងស្រីនៅសហគមន៍ ទទួលបាននូវការគាំពារសុខភាព តាមរយះការផ្សព្វផ្សាយរបស់អាជ្ញាធរនិងក្រុមគ្រូពេទ្យរបស់មណ្ឌលសុខភាព។ លោកស្រីបន្តថាបច្ចុប្បន្ន ស្ត្រីនៅក្នុងឃុំថ្មពូនមានការយល់ដឹងច្រើនពីការថែទាំសុខភាព និងទំនាក់ទំនងប្រឹក្សាជាមួយមណ្ឌលសុខភាពច្រើនជាងទៅរកសេវាព្យាបាលនៅខាងក្រៅ ដោយសារមានការផ្សព្វផ្សាយពីអាជ្ញាធរ និងក្រុមការងារមណ្ឌលសុខភាព ក្នុងគោលបំណងលើកស្ទួយសុខភាពស្ត្រីនិងក្មេងស្រី។


ក្នុងកិច្ចពិភាគ្សា លោកស្រី ផាត់ ពៅ បានបញ្ជាក់ដែរថា កន្លងទៅក្រុមការងារថ្នាក់ឃុំបានប្រជុំណែនាំដល់ក្រុមគ្រូពេទ្យនៅមណ្ឌលសុខភាព ឲ្យប្រកាន់ភ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវះពេទ្យ ក្នុងការផ្តល់សេវាព្យាបាលអ្នកជំងឺ ធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋមានទំនុកចិត្តក្នុងការទៅប្រឹក្សាយោបល់ផ្នែកសុខភាព។


លោកស្រីបន្ថែមទៀតថា ទិសដៅខាងមុខ ឃុំថ្មពូននៅតែបន្តការផ្សព្វផ្សាយតាមគ្រប់វីធី ធ្វើយ៉ាងណាឲ្យក្រុមគ្រួសារនិមួយៗមានការយល់ដឹង និងគាំទ្រដល់ស្ត្រីនិងក្មេងស្រីឲ្យឧស្សាហ៍ទៅប្រឹក្សាយោបល់ពីការថែទាំសុខភាព និងជំរុញដល់មណ្ឌលសុខភាពយកចិត្តក្នុងការផ្តល់សេវា​ព្យបាលដល់ពលរដ្ឋ ជាពិសេសស្ត្រីនិងក្មេងស្រី ធ្វើយ៉ាងណាឲ្យការអនុវត្តមានប្រសិទ្ធភាព៕