អត្ថបទដោយ៖ ធឹម សារ៉ន
ប្រជាពរដ្ន ឬជាពលករខ្មែរ ដែលគេចមិនព្រមធ្វើចត្តាឡីស័កត្រឹមត្រូវតាមវិធានការសុខាភិបាល នឹងត្រូវទទួលរងការផាកពិន័យចំនួន១លានរៀល ឬច្រើនជាងនេះ និងទទួលទោសព្រហ្មទណ្ឌដូចមានចែងនៅក្នុងច្បាប់ និងបទបញ្ញត្តិព្រហ្មទណ្ឌជាធរមាន។ នេះបើតាមការឲ្យដឹងពីលោកស្រីវរសេនីយឯក ហេង ដាឡែន នាយការិយាល័យប្រឆាំងការជួយដូរមនុស្សនិងការពារអនីតជន នៃស្នងការដ្នានខេត្តកំពង់ចាម។
លើកឡើងបែបនេះ នៅក្នុងកម្មវិធីសន្ទនាមតិ វិទ្យុជាតិភ្នំប្រុសភ្នំស្រីខេត្តកំពង់ចាម នាថ្ងៃ អង្គារ ទី២៣ ខែមីនា ឆ្នាំ២០២១ លើប្រធានបទ (ការគ្រប់គ្រងអ្នកធ្វើចត្តាឡីស័កនៅក្នុងខេត្តកំពង់ចាម)។ លោកស្រីមានប្រសាសន៍ថា ស្នងការបានពង្រឹងការគ្រប់គ្រងសកម្មភាពធ្វើចត្តាឡីស័ក និងអនុវត្តវិធានការសុខភាពសាធារណៈឱ្យបានហ្មត់ចត់ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ចូលទៅក្នុងសហគមន៍ជាថ្មីទៀត។ លើសពីនេះ និងចាត់វិធានការតាមផ្លូវច្បាប់ចំពោះបុគ្គលណាដែលមិនអនុវត្ត ឬគេចវេះពីការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ តាមវិធានរបស់ក្រសួងសុខាភិបាលផងដែរ។
លោកស្រីវរសេនីយឯកបានបន្តថា សមត្ថកិច្ចក៏បានគ្រប់គ្រងអ្នកដំណើរចូលមកក្នុងប្រទេសកម្ពុជា តាមច្រកអន្តរជាតិ និងតាមច្រករបៀងទាំងអស់នៅតាមព្រំដែនកម្ពុជា-ថៃ បានហ្មត់ចត់បំផុត។ ជាងនេះទៅទៀត បានអនុវត្តវិធានការសុខភាព សាធារណៈ ព្រមទាំងផ្គត់ផ្គង់អាហារ និងរបស់ប្រើប្រាស់សម្រាប់អ្នកធ្វើចត្តាឡីស័កជាដើម។
សូមជម្រាបថា បើតាមការប្រកាសរបស់ស្ថាប័ននីតិបញ្ញត្តិ និងនីតិប្រតិបត្តិរបស់កម្ពុជា ច្បាប់ថ្មីនេះបង្កើតឡើងសំដៅការពារអាយុជីវិតប្រជាពលរដ្ឋ លើកកម្ពស់សុខភាពសាធារណៈ និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងកាត់បន្ថយឲ្យបានជាអតិបរមានូវផលប៉ះពាល់នៃការឆ្លងជំងឺនេះ ចំពោះវិស័យសង្គម និងសេដ្ឋកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង៕