លោក ហាន កុសល ប្រធាន ស.ស.យ.ក ខេត្តកំពង់ចាមចុះពិនិត្យស្ថានភាពអប់រំ និងការអនុវត្តវិធានការការពារកូវីដ១៩នៅតាមសាលារៀន

(កំពង់ចាម)៖ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១នេះ លោក ហាន កុសល ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ចាមបានចុះពិនិត្យស្ថានភាពនៃការសិក្សាអប់រំ និងការអនុវត្តវិធានការការពារជំងឺកូវីដ១៩ នៅសាលារៀន ចំនួន ៣កន្លែង គឺសាលាបឋមសិក្សាស្តើងជ័យ សាលាបឋមសិក្សាប្របឹង និងសាលាបឋមសិក្សាក្តុយ ដែលស្ថិតក្នុងឃុំស្ដើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

ក្នុងឱកាសនោះផងដែរលោកប្រធានក៏បានសំណេះសំណាលសាកសួរសុខទុក្ខ និងលើកទឹកចិត្តដល់ប្អូនៗសិស្សានុសិស្សឲ្យខិតខំប្រឹងប្រែងរៀនសូត្រ ជាមួយនឹងការប្រកាន់ខ្ជាប់នូវវិធានការការពារ៣យ៉ាងរបស់ក្រសួងសុខាភិបាលគឺ លាងដៃ ពាក់ម៉ាស និងរក្សាគម្លាត ដើម្បីជៀសឲ្យផុតពីជំងឺនានាពិសេសជំងឺកូវីត១៩ ដែលជាឧបសគ្គដល់ដំណើរការសិក្សារៀនសូត្ររបស់ប្អូនៗ។

ជាមួយគ្នានោះលោកប្រធានក៏បានសម្ដែងនូវការកោតសរសើរខ្ពស់ចំពោះភាពក្លាហាន វាងវៃ និងការយកចិត្តទុកដាក់របស់សិស្សានុសិស្សក្នុងការចូលរួម ព្រមទាំងស្មារតីទទួលខុសត្រូវរបស់លោកគ្រូ អ្នកគ្រូក្នុងការបណ្ដុះបណ្ដាលផងដែរ។ លោកប្រធានក៏បានធ្វើការផ្ដាំផ្ញើដល់ប្អូនៗសិស្សានុសិស្សទាំងអស់ថាមានតែការអប់រំទេដែលធ្វើឲ្យប្អូនៗសម្រេចក្ដីសុបិន្ត និងមានអនាគតល្អ។