ការគ្រប់គ្រងជនអនាថានៅក្នុងក្រុងកំពង់ចាម

អត្ថបទដោយ៖ ពុធ ធាវី

បច្ចុប្បន្នជនអនាថារស់នៅក្នុងក្រុងកំពង់ចាមមានចំនួន២៨នាក់ ក្នុងនោះមានមនុស្សចាស់ ក្មេង និងស្ត្រីផងដែរ ហើយជនអនាថាភាគច្រើនជាជនចំណូលស្រុក ដែលមានអ្នកនាំយកពួកគាត់មកទុកចោលនៅក្នុងក្រុងកំពង់ចាម រស់នៅតាមមាត់ទន្លេ និងគ្មានទីជំរកពិតប្រាកដ។ នេះបើតាមការបញ្ជាក់ពីលោកស្រី រិន ធារ៉ា អភិបាលរងក្រុងកំពង់ចាមដែលបានបញ្ជាក់ក្នុងកម្មវីធីសន្ទនាមតិរបស់វីទ្យុជាតិFM92.50 នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ។


លោកស្រី រិន ធារ៉ា បានបន្តថា កន្លងទៅថ្មីៗនេះដោយមានការចង្អុលបង្ហាញពីឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អាជ្ញាធរក្រុងបានសហការជាមួយ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីរួមគ្នាធ្វើការដោះស្រាយបញ្ហាជនអនាថា និងជនវិបល្លាសស្មារតី។ លោកស្រីបន្ថែមថា ធ្វើយ៉ាងណាកុំឲ្យមានការបង្កភាពអនាធិបតេយ្យ ដែលនាំឲ្យប៉ះពាល់ដល់អារម្មណ៍មហាជន ពោលគឺត្រូវប្រើប្រាស់ទីតាំងសំចតដែលយើងមានស្រាប់ចំពោះជនវិបល្លាសស្មារតីគឺ ត្រូវជួយពិនិត្យព្យាបាល និងធ្វើការស្វែងរកសាច់ញាតិឲ្យជួយទទួលខុសត្រូវ។

លោកស្រីបញ្ជាក់ថា សាលាក្រុងបានសហការជាមួយមន្ទីរសង្គមកិច្ច ចៅសង្កាត់ទាំង៤ និងកងកម្លាំងសមត្ថកិច្ច ចុះប្រមូលជនអនាថានិង ជនងាយរងគ្រោះ យកទៅរស់នៅក្នុងមណ្ឌលសំចត ដែលមានទីតាំង នៅក្នុងមណ្ឌលកុម៉ារកំព្រា ដើម្បីជួយសំរួលដល់ស្ថានភាពរស់នៅរបស់ពួកគេឲ្យមានអាហារហូបចុក សេវាសុខភាព និងកន្លែងសំរាកត្រឹមត្រូវ។


លោក ហួត សុធា អនុប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ចាម ក៏បានលើកទ្បើងដែរថា កន្លងទៅមន្ទីរបានជួយច្រើនដល់ជនអានាថា តាមរយៈជំរុញលើកទឹកចិត្តដល់ពួកគាត់ឲ្យមានការងារធ្វើ និងនាំទៅសហគមន៍វិញ ប៉ុន្តែការអនុវត្តដូចវែកចក មិនសូវមានប្រសិទ្ធភាព ព្រោះពួកគាត់មិនចង់ចូលរួមសហការជាមួយអាជ្ញាធរ។

ដោយឡែកពេលពួកគាត់ចូលសហគមន៍វិញ គឺមានការរើសអើងពីគ្រួសារ និងសហគមន៍របស់ពួកគាត់ ដែលកាន់តែជំរុញឲ្យពួកគាត់ចំណាកស្រុកកំណើតខ្លួនឯង និងខ្លះទៀតកាន់តែមានផលលំបាក និងធ្លាក់ដល់ការជួញដូរទៀតផង។ លោកបន្តថា ទោះយ៉ាងណា មន្ទីរសង្គមកិច្ច និងសហការជាមួយសាលាក្រុងបន្តអនុវត្តដូចភ្លៀងរលឹមដើម្បីគ្រប់គ្រងជនអនាថាក្នុងក្រុងកំពង់ចាមឲ្យបានល្អនិងមានប្រសិទ្ធភាព៕