ការថែទាំសុខភាពស្ត្រីពេលមានផ្ទៃ ពោះ និងក្រោយពេលសំរាល

អត្ថបទដោយ៖ លោកស្រី ពុធ ធាវី

យោងតាមការលើកទ្បើងពីលោកស្រី ពេញ សុគន្ធី ជាមន្ត្រីការិយាល័យបង្ការនិងគ្រប់គ្រងជំងឺនៃមន្ទីរសុខាភិបាលខេត្តកំពង់ចាមបានអោយដឹងថា ស្ត្រីដែលបានដឹងថាខ្លួនមានផ្ទៃពោះត្រូវតែទៅពិនិត្យសុខភាពភ្លាម ដើម្បីទទួលបានការពិគ្រោះយោបល់ពីការថែរទាំសុខភាព រហូតដល់ពេលសំរាល។ ការលើកទ្បើងបែបនេះនៅពេលដែលលោកស្រី ចូលរួមក្នុងកម្មវីធីសន្ទនាមតិនៃវិទ្យុជាតិភ្នំប្រុសភ្នំស្រីខេត្តកំពង់ចាម នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១។


នៅក្នុងកិច្ចពិភាក្សា លោកស្រីបានមានប្រសាសន៍ថា ស្ត្រីទៅពិនិត្យផ្ទៃពោះនៅមណ្ឌលសុខភាព ឬនៅ មន្ទីរពេទ្យ និងទទួលបានការប្រឹក្សាយោបល់ផ្នែកសុខភាព របៀបថែទាំងសុខភាព និងបានដឹងជាមុនពីសញ្ញាគ្រោះថ្នាក់នៅក្នុងអំទ្បុងពេលឆ្លងទន្លេ ហើយទទួលបានថ្នាំគ្រាប់ជីវជាតិដែក ដើម្បីរក្សាសុខភាពពេលមានផ្ទៃពោះ។ ក្រោយពេលស្ត្រីសំរាលកូនរួច មួយសប្តាហ៍ទៅ១០ថ្ងៃ គឺត្រូវទៅជួបគ្រូពេទ្យធ្វើការត្រួតពិនិត្យសុខភាពទាំងម្តាយទាំងកូន ដើម្បីឲ្យដឹងពីការវិវត្តនៃសុខភាពមាតានិងទារក។

លោកស្រីបន្តថា មន្ទីរសុខាភិបាល នៅតែអនុវត្តការចុះផ្សព្វផ្សាយដល់ស្រ្តីនៅថ្នាក់មូលដ្ឋាន និងបណ្តុះបណ្តាលជំនាញដល់ឆ្មបនៅមណ្ឌលសុខភាព បង្កើនជំនាញឲ្យមានវិជ្ជាជីវៈច្បាស់លាស់ក្នុងការផ្តល់យោបល់ដល់ស្រ្តីឲ្យមានការយល់ដឹងកាន់តែច្បាស់ ពីការថែទាំសុខភាពនៅពេលមានផ្ទៃពោះ និងពេលសំរាល ក៏ដូចជាក្រោយពេលសំរាល៕