ជញ្ជីងគំរូ ចំនួន ៣គ្រឿង បានប្រគល់ឲ្យគណៈអាជីវកផ្សារចំនួន ៣ នៅស្រុកចំការលើ ដើម្បី ប្រើប្រាស់ជាប្រយោជន៍សាធារណៈ

នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ លោក ពូន រុណ ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្​របច្ចេវិទ្យា និងនវានុវត្តន៍ ខេត្តកំពង់ចាម និងសហការីក្រោឱវាទ នាំទៅប្រគល់ជញ្ជីងគំរូ ចំនួន ៣គ្រឿង ដល់គណៈអាជីវករផ្សារចំនួន ៣ គឺ ៖ ផ្សារបុសខ្នុរ ផ្សារចំការលើ និងផ្សារស្ពឺ នៃស្រុកចំការលើ ។ ពិធីនោះ ក៏មានការចូលរួមពី អាជ្ញាធរស្រុកចំការលើ និងមន្ត្រីពាក់ព័ន្ធ ជាច្រើនរូបទៀត ផងដែរ ។


តាមការឲ្យដឹង របស់ លោក ពូន រុណ ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេវិទ្យា និងនវានុវត្តន៍ ខេត្តកំពង់ចាម បានគូសបញ្ជាក់ថា ការដាក់ឲ្យមានជញ្ជីងងគំរូនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បី ការពារសុក្រឹត្យភាព និងភាពយុទ្ធត្តិធម៌ រវាងអ្នកលក់ និងអ្នកទិញ ក៏ដូចជា អ្នកផ្គត់ផ្គង់ និងអ្នកប្រើប្រាស់ ផងដែរ ។ លោកបញ្ជាក់ដែរថា ជញ្ជីងគំរូ របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ យើងគ្រោងនឹងដាក់ជូនប្រជាពលរដ្ឋប្រើប្រាស់ នៅផ្សារទាំងអស់ នៅក្នុងទូទាំងខេត្តកំពង់ចាម ។

ដូច្នេះ នៅពេលទទួលបានជញ្ជីងគំរូនេះ ស្នើដល់គណៈអាជីវករផ្សារទាំង ៣ ខាងលើ ក៏ដូចជា បងប្អូនប្រជាពលរដ្ឋ ដែលជាគណៈអាជីវករទាំងអស់ សូមចូលរួមថែរក្សា និងប្រើប្រាស់ ទៅតាមតម្រួវការជាក់ស្ដែង ដើម្បី រក្សានូវភាពយុទ្ធត្តិធម៌ ទាំងអស់គ្នា ជាពិសេស ការពារសុក្រឹត្យភាព រវាងអ្នកលក់ និងអ្នកទិញ ក៏ដូចជា អ្នកផ្គត់ផ្គង់ និងអ្នកប្រើប្រាស់ ផងដែរ ។ ជាមួយនោះ ក៏ស្នើទៅដល់អាជ្ញាធរ សូមជួយពិនិត្យ ទៅលើរាល់ការប្រើប្រាស់ជញ្ជីងគំរូនេះ ពីសំណាក់ប្រជាពលរដ្ឋយើង នៅតាមបណ្ដាផ្សារគោលដៅនីមួយៗ ឲ្យបានល្អប្រសើរ ផងដែរ ។


នាឱកាសនោះដែរ លោក គង់ ឌីណា ប្រធានគណៈអាជីវករ ផ្សារបុសខ្នុរ តំណាងឲ្យគណៈអាជីវករ ទាំង ៣ផ្សារ បានថ្លែងអំណរគុណ ដល់ក្រសួង ក៏ដូចជាមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្តបច្ចេកទេស និងនវានុវត្តន៍ រួមនឹង គណៈអភិបាលស្រុកចំការលើ ដែលបានប្រគល់ជញ្ជីងគំរូរ ឬជញ្ជីងយុត្តិធម៌ទាំងនេះ សម្រាប់បម្រើផលប្រយោជន៍ ជូនប្រជាពលរដ្ឋ និងជីវករ នៅក្នុងផ្សារបុសខ្នុរយើងទាំងមូល ផងដែរ ៕