អត្ថបទដោយ៖ អឿន ស្រួ
សមត្ថកិច្ចចរាចរណ៍ នៅតែបន្តអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីកាត់បន្ថយអត្រាការស្លាប់ រងរបួស និងពិការ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ទោះក្នុងស្ថានភាពកូវីដ១៩ កំពុងឆ្លងរីករាលដាល ព្រោះបញ្ហាគ្រោះថ្នាក់ចរាចរណ៍គឺជាករណីស្រួចស្រាវមួយដែលបណ្តាលឲ្យមនុស្សរាប់ពាន់នាក់ស្លាប់ និងពិការ ក្នុងមួយឆ្នាំៗ ដូច្នេះមិនអាចបូកឡំជាមួយកូវីដ១៩ឡើយ។
នេះបើតាមការលើកឡើងរបស់លោកវរសេនីយទោ ខាន់ វាសនា នាយរងការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ប្រាប់វិទ្យុជាតិភ្នំប្រុសភ្នំស្រី នាថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១។
លោកវរសេនីយទោ ខាន់ វាសនា មានប្រសាសន៍ថា បច្ចុប្បន្នមន្រ្តីចរាចរផ្លូវគោកបានដាក់គោលដៅត្រួតពិនិត្យទាំង១០ក្រុង ស្រុក ដោយបន្តរឹតបន្តឹងការផាកពិន័យតាមអនុក្រឹត្យថ្មី នៃច្បាប់រចរាចរណ៍ផ្លូវគោក ចំពោះអ្នកមិនគោរពច្បាប់ ដូចជា មិនពាក់មួកសុវត្ថិភាព បំពានភ្លើងសញ្ញា និងអ្នកមិនពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពជាដើម។ ហើយនៅគ្រប់គោលដៅអនុវត្តទាំងអស់ ក៏មានការអប់រំអំពីជំងឺកូវីដ ១៩ និងមានម៉ាស៊ីនវាស់កម្តៅអ្នកដំណើរផងដែរ ដើម្បីចូលរួមការពារ និងទប់ស្កាតការឆ្លងរីករាលដាលជំងឺកូវីដ ១៩ ក្នុងសហគមន៍។
លោកបន្តថា នៅត្រីឆមាសទី១ ឆ្នាំ២០២១នេះ ខេត្តកំពង់ចាមមានគ្រោះថ្នាក់ចរាចរណ៍មានការថយចុះចំនួន១៣លើក ដោយកើតឡើងចំនួន៧៧លើក/៩០លើក បណ្តាលឲ្យស្លាប់មនុស្សចំនួន ៥១នាក់/៥១នាក់ របួសថយចុះ២៨នាក់ មានចំនួន៨៩នាក់/១១១នាក់ បើប្រៀបធៀបទៅនឹងឆមាសទី១ឆ្នាំ២០២១កន្លងទៅ៕