ប្រជាពលរដ្ឋសប្បាយរីករាយគ្រាដែលអាជ្ញាធរឃុំកោះទន្ទឹម គ្រោងនឹងធ្វើផ្លូវបេតុង ៤៧៥ ម៉ែត្រ ក្នុងឆ្នាំ២០២១នេះ

អត្ថបទដោយ៖ ភ័ណ្ឌ​ ប៉ាង

ក្នុងឆ្នាំ២០២១នេះ អាជ្ញាធរឃុំមានគម្រោងអភិវឌ្ឍន៍ផ្លូវបេតុងប្រវែង ៤៧៥ ម៉ែត្រឆ្លងកាត់ចំនួនមួយភូមិ ដើម្បីចូលរួមកាត់បន្ថយ និងដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋលើការធ្វើដំណើរដឹកជញ្ជូនកសិផលផ្សេងៗ និងលោកតាលោកយាយ សិក្សានុសិស្សទៅសាលា រៀនកាន់តែងាយស្រួល។ នេះបើតាមការលើកឡើងរបស់លោក ឈុន ជឿន មេឃុំកោះទន្ទឹមស្រុកកំពង់សៀម លើកឡើងក្នុងកម្មវិធី វិទ្យុជាតិ ភ្នំប្រុសភ្នំស្រី FM៩២.៥០ Mhz ខេត្តកំពង់ចាម កាលពីថ្ងៃទី ២ ខែសីហា ឆ្នាំ២០២១។


លោក ឈុន ជឿន មានប្រសាសន៍ថា តម្រូវការអាទិភាពសម្រាប់ប្រជាពលរដ្ឋក្នុងឆ្នាំ២០២១នេះដែល ចាំបាច់សម្រាប់ប្រជាពលរដ្ឋ ធ្វើការអភិវឌ្ឍ ផ្តោតសំខាន់លើហេដ្ឋារចនា សម្ព័ន្ធ គឺមានសារៈសំខាន់សម្រាប់ប្រជាពលរដ្ឋធ្វើការដឹកជញ្ជូន សិក្សានុសិស្សទៅសាលារៀន លោកតា លោកយាយ ទៅវត្តអារាម ងាយស្រួលធ្វើដំណើរ ដូច្នេះអាជ្ញាធរឃុំកោះទន្ទឹម នឹងអភិវឌ្ឍផ្លូវបេតុងប្រវែង ៤៧៥ ម៉ែត្រ ធ្វើក្នុងភូមិ កោះប្រាក់ ភូមិកោះប្រាក់លើ ដែលគម្រោងនេះ ចាប់ផ្តើមធ្វើការដេញថ្លៃនៅពេលខាងមុខនេះ។


លោកបានបន្ថែមទៀតថា ទាក់ទងទៅនឹងការអភិវឌ្ឍផ្លូវបេតុងក្នុងភូមិកោះប្រាក់លើ ដោយសារ តែភូមិសាស្ត្រ ទឹកដីនៅទីនោះជាតំបន់លិចទឹក ដែលឧស្សាហ៍ ធ្វើឲ្យផ្លូវរងការខូចខាត បង្កការរំខាន និងជាពិសេស បង្កការរំខានដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ប្រកបរបររកស៊ី ដែលធ្វើឲ្យអាក់ខានក្នុងការប្រកបរបរអាជីវកម្មផ្សេងៗ ដើម្បីចូលរួមកាត់បន្ថយការលំបាក និងលើស្ទួយ ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ អាជ្ញាធរបានសម្រេចអភិវឌ្ឍផ្លូវបេតុងមួយខ្សែ ជូនប្រជាពលរដ្ឋក្នុងភូមិកោះប្រាក់លើជាបន្តទៀត។


សូមជម្រាបថា បើតាមការឲ្យដឹងពីអាជ្ញាធរឃុំកោះទន្ទឹមកាលពីឆ្នាំ២០២០ អាជ្ញាធរកោះទន្ទឹម បានធ្វើផ្លូវបេតុងប្រវែង ៦៩៣ ម៉ែត្រ ក្នុងភូមិកោះប្រាក់ក្នុងផងដែរ៕