អាជ្ញាធរខេត្តកំពង់ចាមប្រាប់ពលរដ្ឋកុំឱ្យ លួចឆ្លងដែនខុសច្បាប់អំឡុងពេលកូវីដ១៩

អត្ថបទដោយ៖ ធឹម សារ៉ន

បច្ចុប្បន្នជំងឺកូវីដ១៩ កំពុងឆ្លងរីករាលដាលនៅក្នុងប្រទេសកម្ពុជា ក៏ដូចជានៅទូទាំងសកលលោក ខណៈកម្ពុជាបិទមិនឲ្យពលករឆ្លងដែនទៅធ្វើការនៅក្រៅប្រទេសទេ ពិសេសប្រទេសថៃ ចំណែកប្រទេសថៃក៏បិទមិនទទួលដែរ។ ប៉ុន្តែនៅតែមានប្រជាពលរដ្ឋមួយចំនួនលួចឆ្លងដែនដោយខ្លួនឯង និងតាមមេខ្យល់ទាំងប្រថុយប្រថាន ដែលអាចប្រឈមខ្ពស់នឹងការឆ្លងជំងឺកូវីដ១៩ និងគ្រោះថ្នាក់ផ្សេងៗ។នេះបើតាមលោក វរសេនីយ៍ទោល ថុល ម៉េង នាយរងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ក្នុងកម្មវិធីសន្ទនាមតិ វិទ្យុជាតិភ្នំប្រុសភ្នំស្រីខេត្តកំពង់ចាម នាថ្ងៃ អង្គារ ទី២៤ ខែ សីហាឆ្នាំ២០២១។


លោកបន្តថា អាជ្ញាធរកំពុងតែខិតខំទប់ស្កាត់និងគ្រប់គ្រងទៅលើអ្នកពលកចំណាក់ស្រុកនិងពលករដែលត្រឡប់មកពីប្រទេសថៃដែលមានការឆ្លងខ្ពស់ ពិសេសមេរោគបំប្លែងខ្លួនថ្មីប្រភេទ ដែលតា ដែលបាននាំមកដល់ប្រទេសកម្ពុជាជាច្រើនករណី ដោយគិតមកដល់ពេលនេះ មេរោគបំប្លែងខ្លួនថ្មីប្រភេទ ដែលតា មានជិត១០០០ករណីក្នុងប្រទេសកម្ពុជា ក្នុងនោះខេត្តកំពង់ចាមក៏មានច្រើនដែរ។


លោក វរសេនីយ៍ទោល ថុល ម៉េង ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ឱ្យខិតខំធ្វើការនៅក្នុងប្រទេស ចៀសវាងចាញ់បោកមេខ្យល់ដែលនាំឆ្លងដែនទៅប្រទេសជិតខាងដោយខុសច្បាប់ ក្នុងគ្រាដែលកំពុងមានការរីករាលដាលនូវជំងឺកូវីដ១៩នេះ៕