ប្រជាពលរដ្ឋនៅឃុំអង្គរបាន រីករាយដែលអាជ្ញាធរឃុំគ្រោងផ្តល់ជូនផ្លូវបេតុងចំនួន ៥៦៩ម៉ែត្រ

អត្ថបទដោយ៖ ភ័ណ្ឌ ប៉ាង

ផ្លូវក្រាលកំទេចថ្មភ្នំដែលរងការខូចខាតផងធ្វើឲ្យប្រជាពលរដ្ឋពិបាកធ្វើដំណើរ ចំនួន ២ខ្សែ ត្រូវបានអាជ្ញាធរឃុំអង្គរបាន គ្រោងនឹងស្ថាបនាជាផ្លូវបេតុងប្រវែងសរុប ៥៦៩ម៉ែត្រ ធ្វើឲ្យប្រជាពលរដ្ឋគ្រប់គ្នាមានការសប្បាយចិត្ត រីករាយ អបអរសាទរដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ដែលខិតខំរកដំណោះស្រាយនូវទុក្ខលំបាកប្រជាពលរដ្ឋបានយ៉ាងច្រើន។ នេះបើតាមការឲ្យដឹងពី លោក សេង ឃុយ មេឃុំអង្គរបាន ចូលរួមក្នុងវិទ្យុជាតិកំពង់ចាម កាលពីព្រឹកថ្ញៃទី ៣១ ខែ ឧសាភា ឆ្នាំ២០២១។

លោក សេង ឃុយ មានប្រសាសន៍ថា គម្រោងដែលក្រុមប្រឹក្សាឃុំបានធ្វើការអនុម័តយល់ព្រមអភិវឌ្ឍន៍ជូនប្រជាពលរដ្ឋមានមួយគម្រោង ដែលផ្តោតទៅលើបញ្ហាផ្លូវធ្វើដំណើរចំនួន២ខ្សែ មានប្រវែងសរុប ៥៦៩ ម៉ែត្រ បែងចែកជា២ភូមិ គឺភូមិអង្គរបានទី៤ មានប្រវែង ៣៦០ម៉ែត្រ (៣៦០ គុណទទឹង ៤ម៉ែត្រ) និង ភូមិអង្គរបានទី៦ មានប្រវែង២០៩ ម៉ែត្រ (២០៩ គុណ ទទឹង ៤ មែត្រ)។ លោកបានឲ្យដឹងទៀតថា ការស្ថាបនាផ្លូវបេតុងទាំង២ខ្សែ នេះ អាជ្ញាធរឃុំនឹងដាក់ឲ្យក្រុមហ៊ុនធ្វើការដេញថ្លៃនៅចុងខែមិថុនា ឆ្នាំ២០២១ នេះ។

លោកបន្ថែមទៀតថា មូលហេតុដែលក្រុមប្រឹក្សាឃុំអនុម័តជ្រើសរើសយកភូមិទាំង២នេះ អភិវឌ្ឍន៍ជាផ្លូវបេតុង ដោយសារ តែភូមិសាស្រ្តភូមិទាំង២នេះ មានទីតាំងជាប់និងផ្សារ ដែលមានប្រជាពលរដ្ឋធ្វើដំណើរទៅផ្សារជាច្រើននាក់ ងាយស្រួលដឹកកសិផលទៅទីផ្សារ ម្យ៉ាងទៀត ជួយសម្រួលដល់ការធ្វើដំណើរដល់សិស្សានុសិស្សទៅរៀន សាលារៀនកាន់តែលឿនរហ័ស និង លោកតា លោកយាយធ្វើដំណើរទៅវត្តអារាមកាន់តែមានភាពងាយស្រួលថែមទៀតផង។

គូរបញ្ជាក់ថា កាលពីឆ្នាំ២០២០ ឃុំអង្គរបាន បានចាក់ផ្លូវបេតុងជូនប្រជាពលរដ្ឋមានចំនួន២ភូមិ មានប្រវែងសរុប ៨២០ ម៉ែត្រ ឆ្លងកាត់២ភូមិ ភូមិអង្គរបានទី៧ មានប្រវែង ៣៧៥ ម៉ែត្រ និងភូមិអង្គរបានទី៨ មានប្រវែង ៤៤៥ ម៉ែត្រ ក្នុងការស្ថាបនាផ្លូវទាំងអស់នេះ ប្រើប្រាស់កញ្ចប់ថវិកាឆ្នាំ២០២០ មានចំនួនទឹកប្រាក់ ១៦១ លានរៀល។ ដោយឡែក សម្រាប់ផែនការបន្ទាប់ឆ្នាំ២០២២ ក្រុមប្រឹក្សាឃុំបានសម្រេចជ្រើសរើសយកភូមិ អង្គរបានទី៥ អភិវឌ្ឍន៍ជាផ្លូវបេតុងជាបន្តទៀត៕