ឯកឧត្តម ហាន កុសល អញ្ចើញជាអធិបតីក្នុងកម្មវិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពីការអនុវត្តសេចក្ដីណែនាំ និងការចូលរួមរបស់ប្រជាពលរដ្ឋ និងយុវជន

អត្ថបទដោយ៖ នួន សត្យា

(កំពង់ចាម)៖ ឯកឧត្តម ហាន កុសល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នៅ ថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០២១នេះ បានអញ្ចើញចូលរួមជាអធិបតី ក្នុងកម្មវិធីបើកវគ្គបណ្ដុះបណ្ដាល ស្ដីពីការអនុវត្តសេចក្ដីណែនាំ និងការចូលរួមរបស់ប្រជាពលរដ្ឋ និងយុវជនក្នុងការរៀបចំ និងការអនុម័តថវិការរបស់រដ្ឋបាលឃុំ -សង្កាត់ ដោយមានការចូលរួមពីអង្កការដៃគូ និងមន្ទីរអង្គភាព ពាក់ព័ន្ធផងដែរ។

មានប្រសាសន៍ទៅកាន់អង្គពិធីក្នុងឱកាសនោះ ឯកឧត្តម ហាន កុសល បានលើកទឹកចិត្តដល់អង្គ​ពិធីទាំងមូល អោយខិតខំបន្ថែមទៀតក្នុងការបណ្ដុះបណ្ដាល ទាំងគ្រូបង្គោល និងសិក្ខាកាម ។ ម៉្យាងវិញទៀត ឃុំ សង្កាត់ ត្រូវគិតគូរបន្ថែមទៀត លើការចូលរួមរបស់យុវជន លើការបម្រើការងារ ក្នុងឃុំ សង្កាត់ ទាំងសុខភាព បរិស្ថាន ការអប់រំ ការអភិវឌ្ឍន៍។

ឯកឧត្តម អភិបាលរងខេត្តបន្តថា នៅក្នុង ឃុំ សង្កាត់ គឺមានធនធានមនុស្សច្រើនជាពិសេសគ្រូបង្រៀន ដែលជួយដល់ការអភិវឌ្ឍឃុំ សង្កាត់ តាមរយៈវគ្គបណ្ដុះ បណ្ដាលធនធានមនុស្ស ដោយឡែកបរិស្ថាន គឺជាជម្រើសមួយដែលធ្វើអោយទាក់ទាញភ្ញៀវទេសចរណ៍ ចូលមកទស្សនាកំសាន្ត មានដូចជា ឃុំកោះប៉ែនជាដើម។

ឃុំដែលមានការអភិវឌ្ឍន៍លឿន គឺជាឃុំដែលសំបូរធនធានមនុស្សច្រើន ហើយវគ្គបណ្ដុះបណ្ដាលនេះ មានគោលបំណងធ្វើអោយឃុំ សង្កាត់ទទួលបាននូវចំណេះដឹង ចំណេះធ្វើ ការអនុវត្តការងារប្រកបដោយប្រសិទ្ធភាពខ្ពស់ ក្នុងការអភិវឌ្ឍន៍ឃុំ សង្កាត់ ៕