ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានប្រកាសតែងតាំងមន្ត្រីសុខាភិបាល ចំនួន ១៤រូប និងមន្ត្រីការិយាល័យផែនការវិនិយោគ នៃរដ្ឋបាលខេត្តចំនួន ៦រូប ឡើងកាន់តំណែងថ្មី នៅព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣ នេះ ដែលពិធីនេះប្រព្រឹត្តទៅ នៅសាលាខេត្តកំពង់ចាម មុនពេលបើកកិច្ចប្រជុំសាមញ្ញលើកទី៤៦ អាណត្តិទី៣ របស់ក្រុមប្រឹក្សា ខេត្តកំពង់ចាម ។
នាឱកាសនោះ ឯកឧត្តមអភិបាល ខេត្តកំពង់ចាម ផ្ដាំផ្ញើដល់មន្ត្រីទាំងអស់ ដែលត្រូវបានប្រកាសចូលកាន់មុខតំណែងថ្មី សូមឱ្យខិតខំធ្វើការងារឲ្យបានល្អ សម្រេចឱ្យបានទៅតាមការជឿទុកចិត្តរបស់ថ្នាក់ដឹកនាំ និងការជឿទុកចិត្តពីសំណាក់ប្រជាពលរដ្ឋ ។
យកឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានណែនាំ ៣ ចំណុច សម្រាប់ឲ្យមន្ត្រីទើបទទួលតំណែងថ្មី ដើម្បី យកទៅអនុវត្តក្នុងនោះ ៖
ទី១ ៖ ត្រូវខិតខំបម្រើសេវាឲ្យបានល្អជូនប្រជាពលរដ្ឋ ទាំងសេវារដ្ឋបាលនិងសេវាសាធារណៈ ។
ទី២ ៖ ត្រូវពង្រឹងនូវឥរិយាបថ ឲ្យសាកសមជាមន្ត្រីផ្ដល់សេវា នឹងត្រូវស្គាល់អំពីតួនាទីរបស់ខ្លួនឲ្យបានច្បាស់ ក្នុងការបំពេញការងារប្រកបដោយការទទួលខុសត្រូវ នឹងត្រូវដាក់ចិត្តដាក់កាយ បម្រើប្រជាពលរដ្ឋទៅតាមជំនាញរបស់ខ្លួននីមួយៗ ។
ទី៣ ៖ ត្រូវខិតខំដោះស្រាយបញ្ហានានា ដែលកើតមានឡើងក្នុងពេលដែលយើងអនុវត្តការងារ ទាំងនៅក្នុងអង្គភាព និងនៅក្នុងមូលដ្ឋាន ៕