កិច្ចប្រជុំត្រីមាសទី១ លទ្ធផលសម្រេចបាន ក្នុងឆ្នាំ២០២២ និងទិសដៅបន្តឆ្នាំ២០២៣ ក្រុមប្រឹក្សាសកម្មភាពជនពិការ ខេត្តកំពង់ចាម

នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ ២០២៣ នៅសណ្ឋាគារ LBN ខេត្តកំពង់ចាម មានរៀបចំកិច្ចប្រជុំត្រីមាសទី១ លទ្ធផលសម្រេចបាន ក្នុងឆ្នាំ២០២២ និងទិសដៅបន្តឆ្នាំ២០២៣ ក្រុមប្រឹក្សាសកម្មភាពជនពិការ ខេត្តកំពង់ចាម ក្រោមអធិបតីភាព លោកស្រី ប៉ាង ដានី អភិបាលរង ខេត្តកំពង់ចាម និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការខេត្ត ដោយមានការអញ្ជើញចូលរួម ពីលោកប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមប្រឹក្សាសកម្មភាពជនពិការខេត្ត ព្រមទាំង តំណាងស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា តំណាងសហប្រជាជាតិ(UNDP) និងលោក លោកស្រី ជា អនុប្រធាន ជាសមាជិក សមជីកា នៃក្រុមប្រឹក្សាសកម្មភាពជនពិការខេត្ត ជាច្រើននាក់ ។


នាឱកាសនោះ លោកស្រី ប៉ាង ដានី អភិបាលរងខេត្ត បានមានប្រសាសន៍ថា កន្លងមក ក្រុមប្រឹក្សាសកម្មភាពជនពិការខេត្ត តែងតែរៀបចំកិច្ចប្រជុំប្រចាំត្រីមាស បានយ៉ាងទៀងទាត់ ដើម្បី រួមគ្នាពិនិត្យ និងពិភាក្សាលើលទ្ធផលសម្រេចបានបញ្ហាប្រឈម និងស្វែងរកដំណោះស្រាយ ដើម្បីដាក់ទិសដៅបន្ត ធ្វើយ៉ាងណា អោយសម្រេចបានតាមការគ្រោងទុក ។ លោកស្រីអភិបាលរងខេត្ត បញ្ជាក់ថា លទ្ធផលដែលសម្រេចបាន មកដល់ពេលនេះ គឺមកពីការខិតខំប្រឹងប្រែងរួមគ្នាជាអន្តរវិស័យ ធ្វើយ៉ាងណាឲ្យបងប្អូនមានពិការភាព និងគ្រួសារ មានជីវភាពរស់ នៅល្អប្រសើរឡើង គោរពភាពថ្លៃថ្នូរ ពីកំណើត និងការរស់នៅដោយឯករាជ្យ ព្រមទាំង សុខុមាលភាពពេញលេញ និងលើកកម្ពស់ភាពស្មើរគ្នា ចំពោះ មុខច្បាប់ និងការបានទទួលសេវាយុត្តិធម៌ការចាកផុតពីការធ្វើទារុណកម្ម ការរំលោភបំពាន ការកេងប្រវ័ញ្ច អំពើហិង្សា និងដំណោះស្រាយ គ្រាមានអាសន្ន ព្រមទាំង លើកស្ទួយសមភាព ស្ត្រីពិការ កុមារពិការ និងជនមានពិការភាពគ្រប់ប្រភេទ។


នាឱកាសនោះដែរ លោកស្រី ប៉ាង ដានី អភិបាលរង ខេត្តកំពង់ចាម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ លោក លោកស្រី ដែលមានវត្តមានក្នុងកិច្ចប្រជុំនេះ និងសូមសម្តែងការកោតសរសើរ និងថ្លែងអំណរគុណ ចំពោះ អង្គការដៃគូពាក់ព័ន្ធទាំអស់ ជាពិសេស សកម្មវិធីអភិវឌ្ឍសហប្រជាជាតិ(UNDP) ក្រោមកម្មវិធី ACCESS ដែលបានជួយគាំទ្រកន្លងមក ទាំងថវិកា សម្ភារៈ និងបច្ចេកទេស ជាពិសេស សម្រាប់កិច្ចប្រជុំនេះ ផងដែរ ៕