ម្ចាស់មធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទ ត្រូវមកបង់ពន្ធ បើខាកខាននឹងរងការពិន័យ

អត្ថបទដោយ៖ អឿន ស្រួ

ដោយមើលឃើញការថយចុះនូវចំនួនម្ចាស់មធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទមកប្រកាសបង់ពន្ធផ្លូវមានការថយចុះ បើធៀបទៅនឹងឆ្នាំ២០២០ សាខាពន្ធដាខេត្តកំពង់ចាមបានជំរុញដល់ម្ចាស់មធ្យោបាយដឹកជញ្ជូនទាំងអស់ត្រូវមកបង់ពន្ធ ព្រោះមិនមានការលើកលែងទេ ទោះបីបច្ចុប្បន្នស្ថិតក្នុងបរិបទកូវីដ១៩ក្តី។ នេះបើតាមប្រសាសន៍របស់លោក ទឹម កក្កដា អនុប្រធានការិយាល័យអ្នកជាប់ពន្ធនៃសាខាពន្ធដាខេត្តកំពង់ចាម កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១។

លោក ទឹម កក្កដា បានបន្តថា ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ គឺជាពន្ធប្រចាំឆ្នាំដែលអនុវត្តលើមធ្យោបាយដឹកជញ្ជូនគ្រប់ប្រភេទ ដែលក្នុងនោះរួមមាន រថយន្តទេសចរណ៍ រថយន្តដឹកទំនិញ រថយន្តដឹកអ្នកដំណើរ រ៉ឺម៉កសណ្ដោង ជលយាន ឬជលយានយន្ត ទាំងផ្លូវទន្លេ និងសមុទ្រ។ ពន្ធនេះ គឺជាពន្ធផ្ទាល់ សម្រាប់ជាគុណប្រយោជន៍ដល់ថវិកាថ្នាក់ក្រោមជាតិ។
លោកបានបន្ថែមថា អ្នកជាប់ពន្ធអាចធ្វើការបង់ពន្ធដោយផ្ទាល់ជាមួយសាខាពន្ធដារខេត្ត-ខណ្ឌ ឬធនាគារដែលបានចុះអនុស្សារណៈនៃការយោគយល់គ្នាជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចាប់ពីថ្ងៃទី០១ ខែមិថុនា រហូតដល់ថ្ងៃទី៣១ ខែវិច្ឆិកា នៃឆ្នាំនីមួយៗ។ ក្នុងនោះដែរ មន្រ្តីជំនាញពន្ធដារខេត្ត-ខណ្ឌ នឹងសហការជាមួយសមត្ថកិច្ចចុះចាប់ផាកពិន័យនៅតាមដងផ្លូវចាប់ពីថ្ងៃទី១ ខែមករា តទៅ។


លោក ទឹម កក្កដា បានឲ្យដឹងទៀតថា ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ ត្រូវបានលើកលែងចំពោះ រថយន្តគិលានសង្គ្រោះ រថយន្តពន្លត់អគ្គិភ័យជាកម្មសិទ្ធិរបស់រដ្ឋយានយន្តដែលជាកម្មសិទ្ធិរបស់អង្គភាពកងយោធពលខេមរភូមិន្ទ កងរាជអាវុធហត្ថ នគរបាលជាតិ ដែលបម្រើការងារសម្រាប់កិច្ចការការពារជាតិ សន្តិសុខ និងសណ្តាប់ធ្នាប់។យានយន្តដែលជាកម្មសិទ្ធិរបស់ស្ថានទូត ឬស្ថានកុងស៊ុលបរទេស អង្គការអន្តរជាតិ ឬទីភ្នាក់ងារសហប្រតិបត្តិការបច្ចេកទេសរបស់រដ្ឋាភិបាលនានា។


លោកបញ្ជាក់ថា ក្រសួង-ស្ថាប័ន ឬអង្គភាពដែលជាអាណាព្យាបាល ឬជាម្ចាស់កម្មសិទ្ធិនៃយានយន្តដូចមានចែងខាងលើ ត្រូវស្នើសុំមកអគ្គនាយកដ្ឋានពន្ធដារ ដើម្បីទទួលបាននូវលតាបត្របង់ពន្ធ (ពន្ធជាបន្ទុករបស់រដ្ឋ) ដោយភ្ជាប់មកជាមួយនូវបញ្ជីសារពើភណ្ឌយានយន្តរបស់ក្រសួង-ស្ថាប័ន ឬអង្គភាពដែលបានស្នើសុំនោះ។
មធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទដែលខកខាន ឬមិនបានបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទសម្រាប់បណ្តាឆ្នាំកន្លងមកត្រូវបង់ប្រាក់ពន្ធ និងប្រាក់ពិន័យឱ្យបានរួចរាល់ជាមុនសិន ទើបអនុញ្ញតឱ្យប្រកាសបង់ពន្ធសម្រាប់ឆ្នាំបច្ចុប្បន្ន។ ប្រាក់ដែលពិន័យនៃការខកខាន គឺស្នើនឹង ១០០% នៃប្រាក់ពន្ធត្រូវបង់៕