អាជ្ញាធរឃុំថ្មពូន នឹងស្ថាបនាផ្លូវបេតុងប្រវែង ៥៧០ ម៉ែត្រ ជូនប្រជាពលរដ្ឋ ក្នុងឆ្នាំ២០២១នេះ

បទអត្ថបទដោយ៖ ភ័ណ្ឌ ប៉ាង

ដោយមើលឃើញការលំបាករបស់ប្រជាពលរដ្ឋ រាល់ការដឹកជញ្ជូន សិស្សានិសិស្ស មានការលំបាក ពេលធ្វើដំណើរឆ្លងកាត់ម្ដងៗ អាជ្ញាធរឃុំថ្មពូន បានសម្រេចជ្រើសរើសយកភូមិ៣ ដើម្បីអភិវឌ្ឍផ្លូវបេតុង ប្រវែង៥៧០ម៉ែត្រ ជូនប្រជាពលរដ្ឋ ក្នុងឃុំថ្មពូន ដើម្បីជួយសម្រួល រាល់ការដឹកជញ្ជូន សិស្សានុសិស្សទៅសាលារៀន កាន់តែងាយស្រួល។ នេះបើតាមការឲ្យដឹងពីលោក ស៊ូ លាងហាក់ មេឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដែលបានចូលរួមក្នុងកម្មវិធីវិទ្យុជាតិភ្នំប្រុសភ្នំស្រី FM92,50Mhz កាលពីព្រឹកថ្ងៃទី ១២ ខែ កក្កដា ឆ្នាំ ២០២១នេះ។


លោកស៊ូ លាងហាក់ មេឃុំថ្មពូន បានលើកឡើងថា គម្រោងអាទិភាពក្នុងឆ្នាំ២០២១ នេះ អាជ្ញាធរផ្ដោតទៅលើការអភិវឌ្ឍន៍ផ្លូវបេតុងប្រវែង៥៧០ ម៉ែត្រ ដែលធ្វើឆ្លងកាត់ចំនួនបីភូមិ ទី១ ភូមិ ថ្មពូនកណ្តាល ទី២ ភូមិអណ្តូងតាពេជ្យ និង ទី៣ភូមិត្រពាំងបឹង ដែលនឹងត្រូវចំណាយថវិការបស់ស្រុក ៧៦ លានរៀល មានប្រវែង ១៧០ ម៉ែត្រ និងគម្រោងរបស់ឃុំនឹងចំណាយថវិកា ១៧៩លានរៀល ដើម្បីសាងសង់ផ្លូវបេតុងនេះ ជូនប្រជាពលរដ្ឋនាពេលឆាប់ៗនេះ។


លោកបានឲ្យដឹងទៀតថា អាជ្ញាធរជ្រើងរើសយកភូមិទាំងបីនេះ យកមកធ្វើការអភិវឌ្ឍផ្លូវបេតុង ប្រវែង ៥៧០ ម៉ែត្រ ដោយសារតែ នៅភូមិផ្សេងៗ មានគម្រោងរបស់មន្ទីរអភិវឌ្ឍន៍ជនបទ សហការជាមួយនឹង ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានធ្វើការអភិវឌ្ឍផ្លូវក្រាលកៅស៊ូឆ្លងកាត់ជាច្រើនភូមិ ដោយឡែក សម្រាប់ភូមិនៅខាងលើនុះ អាជ្ញាធរនឹងជួយធ្វើផ្លូវបេតុងឲ្យប្រជាពលរដ្ឋមានផ្លូវស្អាត ធ្វើដំណើរ ដូចគេដូចឯងដែរ៕