អាជ្ញាធរឃុំល្វេនឹងស្ថាបនាផ្លូវបេតុងប្រវែង១៧១០ម៉ែត្រ ជូនប្រជាពលរដ្ឋនៅថ្ងៃបិណ្ឌ១ ឆ្នាំ២០២១នេះ

អត្ថបទដោយ៖ ភ័ណ្ឌ ប៉ាង

អាជ្ញាធរ ឃុំល្វេនៃស្រុកកោះសូទិន ដែលបានចូលរួមក្នុងកម្មវិធីវិទ្យុជាតិ ភ្នំប្រុសភ្នំស្រី បានលើកឡើងថា ឃុំល្វេ នឹងកសាងផ្លូវបេតុងប្រវែង ១៧១០ ម៉ែត្រ ជូនប្រជាពលរដ្ឋ នៅថ្ងៃបិណ្ឌទីមួយនៅ ឆ្នាំ ២០២១ នេះ ដើម្បីចូលរួមកាត់បន្ថយការលំបាករបស់បងប្អូនប្រជាពលរដ្ឋ ដែលពេលកន្លងមក តែត្អូញត្អែ ពីផ្លូវលំបាកធ្វើដំណើរឆ្លងកាត់។


លោក ចន ស្រ៊ុន ជំទប់ទី១ ឃុំល្វេ បានមានប្រសាសន៍ថា ផែនការអភិវឌ្ឍន៍ក្នុងឆ្នាំ២០២១ នេះ ក្រុមប្រឹក្សាឃុំផ្ដោតសំខាន់ទៅលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ជូនដល់បងប្អូនប្រជាពលរដ្ឋ ក្នុងនោះ នឹងអភិវឌ្ឍផ្លូវបេតុងប្រវែង ១៧១០ ម៉ែត្រ ឆ្លងកាត់ចំនួន ២ភូមិ គឺ ភូមិ ល្វេលើ និង ភូមិ ព្រែកតាកែ ដែលនឹងត្រូវចំណាយថវិកាកញ្ចប់មូលនិធិឃុំឆ្នាំ ២០២១ តំលៃ ២១៨ លានរៀល។ លោកបានបន្តទៀតថា គម្រោងអភិវឌ្ឍន៍ផ្លូវបេតុងនេះ នឹងចាប់ផ្តើមចាក់ជូនដល់បងប្អូនប្រជាពលរដ្ឋនៅថ្ងៃបិណ្ឌទីមួយ ក្នុងពិធីបុណ្យភ្ជុំបិណ្ឌនាពេលខាងមុខនេះ។ ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋ មានការយោគយល់ ចំពោះផលលំបាករបស់អាជ្ញាធរដែលត្រូវធ្វើការសិក្សានិងស្វែងយល់បន្ថែមទៀត។


លោកបានបញ្ជាក់បន្តថា មូលហេតុដែលក្រុមប្រឹក្សាឃុំអនុម័តជ្រើសរើសយកភូមិទាំងពីរនេះអភិវឌ្ឍន៍ជាផ្លូវបេតុង ដោយសារតែភូមិសាស្ត្រនៅក្នុងភូមិទាំងពីរនេះ រងការលិចលង់ដោយទឹកជំនន់ ដែលធ្វើឲ្យប្រជាពលរដ្ឋពេលកន្លងមកពិបាកធ្វើដំណើរឆ្លងកាត់ ជាពិសេសរាល់ការដឹកជញ្ជូនកសិផល យកទៅលក់នៅលើទីផ្សារ។ ដូច្នេះដើម្បីជួយកាត់បន្ថយការលំបាករបស់ បងប្អូន ប្រជាពលរដ្ឋ និងចូលរួមលើកកម្ពស់ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរ អាជ្ញាធរ បានសម្រេចយកភូមិទាំងពីរនេះអភិវឌ្ឍជាផ្លូវបេតុងជាអាទិភាពតែម្ដង៕