សហគ្រាស គ្រឹះស្ថាន មានកម្មករនិយោជិតចាប់ពីម្នាក់ឡើងទៅត្រូវមានកត្វកិច្ចមកចុះបញ្ជីននៅ ប.ស.ស ដើម្បីទទួលបានអត្ថប្រយោជន៍ផ្សេងៗ

អត្ថបទដោយ៖ អឿន ស្រួ

នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ លោក សាយ សុធន ប្រធានសាខាបេនឡាជាតិរបបសន្តិសុខសង្គមខេត្តកំពង់ចាម បានអំពាវនាវដល់និយោជក ជាម្ចាស់សហគ្រាស គ្រឹះស្ថានទាំងអស់ ដែលប្រើប្រាស់កម្មករនិយោជិតចាប់ពីម្នាក់ឡើងទៅនៅក្នុងខេត្តកំពង់ចាម មកចុះបញ្ជីនៅបេនឡាជាតិរបបសន្តិសុខសង្គម មានអាស័យដ្ឋាននៅក្នុងក្រុងកំពង់ចាមរាងរាល់ម៉ោងធ្វើការ។ ការចុះបញ្ជីនេះគឺមិនតម្រូវឲ្យបង់លុយទេ តែអ្វីដែលសំខាន់គឺមានអត្តសញ្ញាណបណ្ណ។

លោក សាយ សុធន មានប្រសាសន៍ថា កន្លងទៅបេនឡាជាតិរបបសន្តិសុខសង្គមខេត្តកំពង់ចាមបានផ្សព្វផ្សាយជាប្រចាំ ព្រមទាំងបានចុះដល់ទីតាំងសហគ្រាស គ្រឹះស្ថានផ្ទាល់ផងដែរ ប៉ុន្តែចំនួនអ្នកមកចុះបញ្ជីនៅតែមានកំណត់នៅឡើយ។ លោកបន្តថា ដោយសារពួកគាត់មិនទាន់បានយល់ពីអត្ថប្រយោជន៍ និងខ្លះមិនចូលរួមតែម្តង ចំណែកសិប្បកម្មមួយចំនួនទៀតបានចុះបញ្ជីហើយតែមិនមកបង់វិភាគទានឲ្យបេនឡាជាតិរបបសន្តិសុខសង្គម ដោយយកលេសកូវីដ ១៩ ជាដើម។ ជាជំហានបន្តទៀត បេនឡាជាតិរបបសន្តិសុខសង្គមខេត្តកំពង់ចាមនៅតែបន្តចុះផ្សព្វផ្សាយ ណែនាំ បើមិនចូលរួមទៀតនឹងធ្វើការពិន័យ និងជាចុងក្រោយត្រូវអនុវត្តតាមច្បាប់បញ្ជូនទៅតុលាកាតែម្តង។

ប្រធានសាខាបេនឡាជាតិរបបសន្តិសុខសង្គមខេត្តកំពង់ចាមបានបន្ថែមថា អនុលោមតាមច្បាប់ស្តីពីការងារ គឺនិយោជក ម្ចាស់សហគ្រាស គ្រឹះស្ថានទាំងអស់ដែលប្រើប្រាស់កម្មករនិយោជិតម្នាក់ឬច្រើននាក់ស្ថិតនៅក្រោមបទបញ្ញត្តិនៃច្បាប់ស្តីបីការងារ គឺហៅថាកម្មករនិយោជិតក្នុងប្រព័ន្ធ។ ឬកម្មករនិយោជិតដែលធ្វើការងារជាប់លាប់ឬអចិន្ត្រៃយ៍ដែលមាននិយោជកច្បាស់លាស់ ហើយមានបុគ្គលិក កម្មករ និយោជិតច្បាស់លាស់ ដោយធ្វើការងារតទួលប្រាក់ខែពីនិយោជកស្ថិតក្រោមបទបញ្ញត្តិស្តីពីការងារ។ ដោយឡែក សម្រាប់កម្មករនិយោជិតក្រៅប្រព័ន្ធ មានន័យថា ធ្វើការងារមិនបានជាប់លាប់ទេ ហើយធ្វើការងារក្រោម៨ម៉ោងក្នុង១សប្តាហ៍ ឧទាហរណ៍ដូចជា អ្នករត់តុ អ្នករត់តាក់ស៊ីមួយថ្ងៃៗ គឺជាកម្មករនិយោជិតក្រៅប្រព័ន្ធ។


អនុលោមតាមច្បាប់ស្តីពីការងារ ក៏ដូចជាអនុសាសន៍ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោគឺថាយើងផ្តល់ការគាំពារទាំងកម្មករនិយោជិតក្នុងប្រព័ន្ធ និងកម្មករនិយោជិតក្រៅប្រព័ន្ធ។ ដូច្នេះហើយទើបក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជាសេនាធិការឲ្យចុះបញ្ជីកម្មករនិយោជិតក្នុងនិងក្រៅប្រព័ន្ធ ដើម្បីទទួលបានអត្ថប្រយោជន៍ដោយឡែកៗពីគ្នា ប៉ុន្តែលុះត្រាតែគាត់បានចុះបញ្ជីជាមួយបេនឡាជាតិរបបសន្តិសុខសង្គម៕