សិស្សកម្រិតអនុវទ្យាល័យ និងវិទ្យាល័យ ៩៣ភាគរយ បានចូលរៀន ក្រោយបើកសាលារៀនឡើងវិញ

អត្ថបទដោយ៖ អឿន ស្រួ

ក្រោយពេលរដ្ឋបាលខេត្តកំពង់ចាម បានសម្រេចអនុញ្ញាតឱ្យដំណើរការឡើងវិញនូវគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនសម្រាប់កម្រិតអនុវិទ្យាល័យ និងវិទ្យាល័យ ក្នុងភូមិសាស្រ្តខេត្តកំពង់ចាមចាប់ពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១មក មានសិស្សានុសិស្សចំនួន ៦៤៥៤៥ នាក់ ស្មើនឹង៩៣ភាគរយ បានចូលរៀននៅក្នុងសាលាវិញ។ នេះបើតាមប្រសាសន៍របស់លោក លី ម៉េងសាន ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ចាម នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១នេះ។


លោក លី ម៉េងសាន បានប្រាប់វិទ្យុជាតិភ្នំប្រុសភ្នំស្រីខេត្តកំពង់ចាមថា នៅទូទាំងខេត្តកំពង់ចាម មានសាលារៀនសរុបចំនួន ៥៨៩សាលា ក្នុងនោះអនុវិទ្យាល័យមាន ៨១ និងវិទ្យល័យមាន៤៣កន្លែង ដែលមានសិស្សសរុបចំនួនជាង៦៥០០០នាក់។ ហើយសាលាអនុវិទ្យល័យបានបើកដំណើរការឡើងវិញមាន៨១សាលា ចំណែកឯវិទ្យាល័យមាន៤១សាលា និងនៅសល់២វិទ្យាល័យដែលមិនទាន់បានបើក គឺវិទ្យាល័យព្រះសីហនុ និងវិទ្យាល័យ ហ៊ុន សែន ចំការលើ។


លោកបន្តថា វិទ្យាល័យព្រះសីហនុ កន្លងទៅរដ្ឋបាលខេត្តបានយកធ្វើជាមណ្ឌលព្យាបាលអ្នកជំងឺកូវីដ១៩ កម្រិតស្រាល ប៉ុន្តែពេលនេះកំពុងរៀបចំកន្លែងផ្សេង ហើយផ្ទេអ្នកជំងឺទៅកន្លែងថ្មី បន្ទាប់មកអាជ្ញាធរ និងមន្ទីរអប់រំរៀបចំសាលាតាមវិធានការសុខាភិបាលឡើងវិញ ហើយអាចនឹងបើកដំណើរការឡើងវិញក្រោយបុណ្យភ្ជុំបិណ្ឌរួច។ ចំពោះវិទ្យាល័យ ហ៊ុន សែន ចំការលើ ដោយសារតែជាតំបន់ដែលនៅមានហានិភ័យជំងឺកូវីដ១៩ខ្លាំងនៅឡើយ ហើយក៏មានគ្រូ និងសិស្សបានឆ្លងជំងឺកូវីដ១៩ ផងដែរ ទើបមិនទាន់សម្រេចឲ្យបើក ប៉ុន្តែអាចបន្ទាប់ពី១៤ថ្ងៃ មន្ទីរអប់រំនឹងសិក្សាវាយតម្លៃឡើងវិញ។


លោក លី ម៉េងសាន បានបន្ថែមថា សាលារៀនដែលបើកឡើងវិញបានអនុវត្តយ៉ាងខ្ជាប់ខ្លួននូវ គោលការណ៍ប្រតិបត្តិស្តង់ដា (SOP) សម្រាប់ដំណើរការគ្រឹះស្ថានសិក្សាឡើងវិញ របស់ក្រសួងអប់រំ យុវជន និងកីឡា រួមនឹងវិធានការអនាម័យតាមការណែនាំក្នុងបរិបទនៃជំងឺកូដ១៩ របស់ក្រសួងសុខាភិបាល និងវិធានការនានារបស់រដ្ឋបាលខេត្តសំដៅបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ។ជាមួយគ្នានេះ លោកប្រធានមន្ទីរអប់រំខេត្តកំពង់ចាម ក៏បានណែនាំដល់នាយកសាលាទាំងអស់ត្រូវសហការជាមួយមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត អាជ្ញាធរមូលដ្ឋាន ដើម្បីរៀបចំបរិស្ថាន សាលា និងបន្ទប់រៀននីមួយៗ និងអនុវត្តឲ្យបានវិធានការ ៣កុំ និង៣ការពារ ចៀសវាងការផ្ទុះជំងឺកូវីដ១៩ នៅក្នុងសាលារៀន ដែលអាចឈនដល់ការបិទម្តងទៀត៕