ផ្លូវបេតុងប្រវែង ៨៥២ម៉ែត្រ ក្នុងឃុំ​ពាម​ជីកងបានធ្វើរួចរាល់​១០០​ភាគរយ​​ហើយ

អត្ថបទដោយ៖ ភ័ណ្ឌ ប៉ាង

បើតាមការដឹងពីលោក ប៉ូច ឆាយ មេឃុំពាមជីកង ស្រុកកងមាស បានឲ្យដឹងថា ក្នុងឆ្នាំ២០២១ នេះ ក្រុមប្រឹក្សាឃុំបានធ្វើការស្ថាបនាផ្លូវបេតុងប្រវែង៨៥២ម៉ែត្រ ដើម្បីចូលរួមកាត់បន្ថយការលំបាករបស់ប្រជាពលរដ្ឋ ដែលតែងតែលើកឡើងពីការលំបាកលើការធ្វើដំណើរ និងការប្រកបរបរផ្សេងៗ ពឹងផ្អែកលើផ្លូវមួយខ្សែនេះ។ លោកបានលើកឡើងបែបនេះ នៅក្នុងវិទ្យុជាតិភ្នំប្រុសភ្នំស្រី FM92.50 MHz ខេត្តកំពង់ចាម កាលពីថ្ងៃទី ២៦ ខែ កក្កដា ឆ្នាំ២០២១។


លោក ប៉ូច ឆាយ មានប្រសាសន៍ថា តម្រូវការអាទិភាពឃុំពាមជីកងផ្ដោតសំខាន់ទៅលើការហេដ្ឋារចនាសម្ព័ន្ធ ដែលជាតម្រូវការចាំបាច់សម្រាប់ប្រជាពលរដ្ឋ ដើម្បីធ្វើដំណើរ ដឹកជញ្ជូនកសិផល និងលោកតាលោកយាយ សិក្សានុសិស្សទៅសាលារៀន កាន់តែងាយស្រួល។ ដូច្នេះ អាជ្ញាធរបានសម្រេចសាងសង់ផ្លូវបេតុងប្រវែង ៨៥២ ម៉ែត្រ ឆ្លងកាត់ចំនួន២ភូមិ គឺភូមិសំបួរមាស«ក» និងភូមិសំបូរមាស «ខ» ដែលធ្វើតភ្ជាប់ពីគម្រោងចាស់ កាលពីឆ្នាំ២០២០ មានប្រវែងសរុប ៦៧២ ម៉ែត្រ ឆ្លងកាត់ចំនួន២ភូមិ គឺភូមិ ពាមជីកង និង ភូមិសាច់ស។ លោកមេឃុំបានឲ្យដឹងទៀតថា ផ្លូវបេតុងប្រវែង ៨៥២ ម៉ែត្រ ឆ្លងកាត់ចំនួន២ភូមិនេះ បានសាងសង់រួចរាល់កាលពីថ្ញៃទី២៤ ខែ កក្កដា ឆ្នាំ២០២១នេះ ដោយប្រើប្រាស់កញ្ចប់ថវិកាឆ្នាំឃុំ២០២១ មានចំនួន២០៦លានរៀល។


លោកបានបន្ថែមថា មូលហេតុដែលក្រុមប្រឹក្សាឃុំ អនុម័តជ្រើសរើសយកភូមិចំនួន២នេះ អភិវឌ្ឍជាផ្លូវបេតុង ដោយសារតែនៅតំបន់នោះ មានប្រជាពលរដ្ឋរស់នៅច្រើនកុះករ ជាទីប្រជុំជនមានប្រជាពលរដ្ឋធ្វើដំណើរច្រើន និងជាតំបន់សេដ្ឋកិច្ច ផ្នែកដំណាំស្វាយ ដែលត្រូវការ ជាចាំបាច់នូវផ្លូវធ្វើដំណើរស្អាត ងាយស្រួលនៅក្នុងការដឹកជញ្ជូនយកទៅលក់នៅលើទីផ្សារ និង ម្យ៉ាងទៀត ដើម្បីចូលរួមចំណែកកាត់បន្ថយការលំបាករបស់សិស្សានុសិស្សទៅសាលារៀន កាន់តែងាយស្រួល៕