ផលប៉ះពាល់នៃផ្សែងបារីទៅលើសុខភាព ប្រឈមនឹងការស្លាប់មុនអាយុ

អត្ថបទដោយ៖ អឿន ស្រួ

លោកវេជ្ជបណ្ឌិត ថើ សុផាន់ណា ប្រធានកម្មវិធីថ្នាំជក់ខេត្តកំពង់ចាម មានប្រសាសន៍ថា អ្នកជក់បារី និងអ្នករងគ្រោះដោយហិតឬស្រូបផ្សែងបារី នឹងក្លាយជាញៀនបារីយ៉ាងឆាប់រហ័សដោយសារនីកូទីន ហើយការជក់បារីអាចបណ្តាលឱ្យស្លាប់ និងមានជំងឺធ្ងន់ធ្ងរជាច្រើន ដែលបណ្តាលឱ្យមានការប្រឈមនឹងការស្លាប់មុនអាយុ។


លោកវេជ្ជបណ្ឌិត ថើ សុផាន់ណា បានប្រាប់វិទ្យុជាតិភ្នំប្រុសភ្នំស្រីខេត្តកំពង់ចាមក្នុងកម្មវិធីសន្ទនាមតិ នាថ្ងៃទី១៥ ខែកក្កដា ថា ការជក់បារី ផ្តល់ផលវិបាកយ៉ាងច្រើនដល់សុខភាព អ្នកជក់បារីនឹងក្លាយជាញៀនបារីយ៉ាងឆាប់រហ័សដោយសារនីកូទីន និងអាចបណ្តាលឱ្យស្លាប់ និងមានជំងឺធ្ងន់ធ្ងរជាច្រើន ដែលបណ្តាលឱ្យមានការប្រឈមនឹងការស្លាប់មុនអាយុ១៥ឆ្នាំ។


លោកវេជ្ជបណ្ឌិតបន្តទៀតថា បើតាមការស្រាវជ្រាវមួយផ្សេងទៀតបានឲ្យដឹងថា មនុស្សដែលឈប់ជក់បារីនៅអាយុ ៤០ឆ្នាំ អាចបង្កើនអាយុបាន ១០ឆ្នាំទៀត ដោយការឈប់ជក់បារីនៅពាក់កណ្ដាលវ័យ អាចបញ្ចៀសការស្លាប់មុនអាយុជាងអ្នកជក់ដល់ទៅ៩០ភាគរយ។ ហើយការជក់បារីអាចបណ្ដាលឲ្យស្ទះផ្លូវដង្ហើម រលាកទងសួត កើតរោគមហារីក និងការចុះខ្សោយផ្លូវភេទជាដើម។ ក្រៅពីនេះ ការជក់បារីហិតឬស្រូបផ្សែងបារី អាចធ្វើឲ្យគេងមិនលក់ បាយមិនបាន ឆាប់ហេវហត់អស់កម្លាំង និងកាត់បន្ថយអាយុផងដែរ។


លោកវេជ្ជបណ្ឌិត ថើ សុផាន់ណា ឲ្យដឹងទៀតថា ចំពោះស្ត្រីមានផ្ទៃពោះវិញ ការជក់បារីអាចបណ្ដាលឲ្យទារកកើតមិនគ្រប់ខែ ឬស្លាប់ និងបង្កគ្រោះថ្នាក់ចំពោះម្ដាយ ហើយជាតិនីកូទីននៅក្នុងផលិតផលថ្នាំជក់ អាចបណ្ដាលឲ្យត្បៀតសរសៃឈាមក្នុងទងសុក ដែលធ្វើឲ្យបរិមាណអុកស៊ីហ្សែនផ្គត់ផ្គង់ទៅគភ៌មានការថយចុះជាហេតុបង្កហានិភ័យយ៉ាងខ្លាំងក្នុងពេលទារកប្រសូត។ ចំណែកកុមារនាំឲ្យប៉ះពាល់ប្រព័ន្ធប្រសាទ បាត់បង់ការចងចាំ និងរាង្គកាយមិនលូតលាស់ជាដើម។ បារីគ្មានប្រយោជន៍ចំពោះសុខភាពនោះទេ គឺមានតែផលប៉ះពាល់ម្យ៉ាងប៉ុណ្ណោះ៕