មន្ទីរសង្គមកិច្ចខេត្តកំពង់ចាមនឹងសហការជាមួយសលាក្រុង ដោះស្រាយ ជនអនាថាឲ្យនៅចំនួនតិចបំផុត

អត្ថបទដោយ៖ ពុធ ធាវី

បច្ចុប្បន្នជនអនាថារស់នៅក្នុងក្រុងកំពង់ចាមត្រូវបានកាត់បន្ថយគឺនៅតិចតួចប៉ុណ្ណោះ បើធៀបទៅនឹងខែមេសា២០២១ គឺមានចំនួន២៨នាក់ ក្នុងនោះមានមនុស្សចាស់ ក្មេងនិងស្ត្រីផងដែរ។ នេះបើតាមការបញ្ជាក់ពីលោក សុន សម្បត្តិ អនុប្រធានការិយាល័យសុខមាលភាពសង្គម ប្រឆាំងការជួញដូរមនុស្សនៃមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនិតិសម្បទាខេត្តកំពង់ចាម ដែលបានបញ្ជាក់ក្នុងកម្មវីធីសន្ទនាមតិរបស់វិទ្យុជាតិភ្នំប្រុសភ្នំស្រី FM92.50 នៅថ្ងៃទី៣០ ខែកក្កដា នេះ។


លោក សុន សម្បត្តិ មានប្រសាសន៍ថា ជនអនាថា គឺជនដែលបាត់បង់ឱកាស និងកាត់ផ្តាច់ពីក្រុមគ្រួសារពួកគាត់រស់នៅតែលតោល និងអាចប្រឈមជំងឺឆ្លងផ្សេងៗបានដោយសារការរស់នៅរបស់ពួកគាត់មិនមានអនាម័យ ជាពិសេសពួកគាត់មិនសូវយកចិត្តទុកដាក់ពីជំងឺកូវិត១៩នោះទេ។កន្លងទៅមន្ទីរបានជួយច្រើនដល់ជនអានាថា តាមរយៈជំរុញលើកទឹកចិត្តដល់ពួកគាត់ឲ្យមានការងារធ្វើ និងនាំទៅសហគមន៍វិញ ប៉ុន្តែការអនុវត្តមិនសូវមានប្រសិទ្ធភាព ព្រោះពួកគាត់មិនចង់ចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋានរបស់គាត់ទេ។ ដោយសារពួកគាត់គិតថាមានការរើសអើងពីក្រុមគ្រួសារនិងសហគមន៍របស់ពួកគាត់ ដែលកាន់តែជំរុញឲ្យពួកគាត់ចំណាកស្រុក និងខ្លះទៀតកាន់តែមានផលលំបាក និងធ្លាក់ដល់ការជួញដូរទៀតផង។ លោកបន្តថា បច្ចុប្បន្នជនអានាថាដែលស្នាក់នៅក្នុងមណ្ឌលសំចតនៅសល់តែ៩នាក់ប៉ុណ្ណោះ បើធៀបទៅនិងខែមេសា ដែលមន្ទីរបានធ្វើការអង្កេតរហ័សគឺមាន២៨នាក់។


លោកបន្តថាទោះយ៉ាងណា មន្ទីរសង្គមកិច្ច និងសហការជាមួយសាលាក្រុង បន្តអនុវត្តដូចភ្លៀងរលឹមដើម្បីគ្រប់គ្រងជនអនាថាក្នុងក្រុងកំពង់ចាម អោយបានល្អនិងមានប្រសិទ្ធភាព។ក្នុងកិច្ចពិភាគ្សាក៏មានការអញ្ជើញចូលរួមពីស្រី រិន ធារ៉ា អភិបាលរងក្រុងកំពង់ចាម ដែលលោកស្រីបានបញ្ជាក់ថា ការគ្រប់គ្រងជនអនាថាក្នុងក្រុងកំពង់ចាមពិតជាជួបការលំបាកច្រើន ដូចជាវែកចក ដោយសារពួកគាត់ភាគច្រើនជាជនចំណូលស្រុក ចាកចោលភូមិកំណើតមករស់នៅក្នុងខេត្តកំពង់ចាម ភាគច្រើន នៅតាមមាត់ទន្លេ និងគ្មានទីជំរកពិតប្រាកដ។


លោកស្រី រិន ធារ៉ា បន្តថា កន្លងទៅថ្មីៗនេះដោយមានការចង្អុលបង្ហាញពី ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឲ្យមន្ទីរអង្គភាពពាក់ពន័្ធ រួមគ្នាធ្វើការដោះស្រាយបញ្ហាជនអនាថាឲ្យមានប្រសិទ្ធភាព។ ក្នុងនោះសាលាក្រុងបានសហការជាមួយអាជ្ញាធរមូលដ្ឋាន សង្កាត់ទាំង៤ក្នុងក្រុងធ្វើការអង្កេតរហ័ស ដើម្បីប្រមូលទិន្នន័យជនអនាថាបានមួយចំនួន និងបានបញ្ជូនពួកគាត់ទៅកាន់ភូមិកំណើតគាត់វិញ។ លោកស្រីបញ្ជាក់ដែរថា ការធ្វើបែបនេះមិនសូវបានផលនោះទេ ដោយសារពួកគាត់នៅតែត្រទ្បប់មកកាន់ខេត្តកំពង់ចាមវិញដដែល ដោយពួកគាត់បានលើកទ្បើងថា ទឹកដីកំពង់ចាមអំណោយផលល្អចំពោះពួកគាត់។


លោកស្រីបន្ថែមថា ទោះយ៉ាងណាសាលាក្រុងនៅតែបន្តចាត់វិធានការរៀបចំពួកគាត់ឲ្យទៅសំរាកនៅកន្លែងមណ្ឌលសំចតដែលមានស្រាប់ និងជួយឧបត្ថម្ភអារហារហូបចុកខ្លះៗតាមលិទ្ធភាពដែលអាចធ្វើបាន ម្យ៉ាងស្របពេលបរិបទកូវីដ១៩ សាលាក្រុងបាននែនាំឲ្យពួកគាត់យល់ដឹងពីវីធីការពារការចម្លងជំងឺកូវីដ១៩ផងដែរ៕