ដើម្បីចូលរួមប្រកួតប្រជែងផ្ការំដួលបីរទងនិងឲ្យក្រុងកំពង់ចាមមានបរិស្ថានល្អ មន្ទីរបរិស្ថានខេត្តសហការជាមួយសាលាក្រុងធ្វើការសម្អាតក្រុងកំពង់ចាមឲ្យមានបរិស្ថានស្អាត និង ផ្សព្វផ្សាយការយល់ដឹងរបស់ប្រជាពលរដ្ឋកុំអោយចោលសម្រាមនៅលើរដងផ្លូវ តាមទីសាធារណ: និងផ្ទះសម្បែង ។
លោក ហាន លីណា អភិបាលរងក្រុងកំពង់ចាមមានប្រសាសន៏ថា នៅក្នុងក្រុងកំពង់ចាមមានបុគ្គលិកការងារផ្នែកបោះសម្អាត៥២នាក់ដែលធ្វើការបោសសម្អាតតាមដងផ្លូវ ទីសាធារណ: និងសហកាជាមួយ នាយកសាលា អាជ្ញាធរភូមិ ឃុំ/សង្តាត់ និងអង្គការផ្សេងៗ ធ្វើយ៉ាងណាឲ្យក្រុងកំពង់ចាមមានបរិស្ថានស្អាត។លោកបន្តថា បញ្ហាសម្រាមនេះ បរិស្ថានក្រុង កន្លងមកខិតខំចូលរួមដោះស្រាយជាច្រើនម្តង ដូចជាដើរផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឲ្យចោលសម្រាមក្នុងធុង ចែកលិខិតប័ណ្ណណែនាំ ផាកពិន័យជនណាដែលចោលសម្រាមនៅលើទីសាធារណ: និងពន្យាល់ណែនាំអាជ្ញាធរភូមិ ឃុំ/សង្តាត់ ឲ្យចូលរួមសហការគ្នាដើម្បីផ្សព្វផ្សាយបន្ត។
ចំណែកលោកស្រី រាល សុធី អនុប្រធានការិយាល័យចំណេះដឹង និងព័ត៏មានបរិស្ថានខេត្តមានប្រសាសន៏ថា សព្វថ្ញៃបញ្ហាសម្រាមជាបញ្ហាយ៉ាងសំខាន់មួយសម្រាប់មន្ទីរបរិស្ថាន ដើម្បីឲ្យក្រុងកំពង់ចាម មានបរិស្ថានស្អាតមិនមែនជារឿងងាយស្រួលធ្វើនោះទេ មន្ទីរត្រូវធ្វើការផ្សព្វផ្សាយទៅដល់ ប្រជាពលរដ្ឋដែលរស់នៅក្នុងក្រុងឲ្យយល់ដឹងពីផលប៉ះពាល់នៃសម្រាម ធ្វើការផាកពិន័យជន ណាដែលបោះចោលសម្រាមនៅទីសាធារណ: សហការជាមួយនាយកសាលាធ្វើការផ្សព្វផ្សាយ ពន្យាល់ណែនាំឲ្យសិស្សានុសិស្សឲ្យយល់ដឹងពីបញ្ហាសម្រាម។
លោកស្រីបន្ថែមថា ក្នុងការចូលរួមសម្អាតបរិស្ថានក្រុងកំពង់ចាម កន្លងមកមន្ទីរបានបង្តើតទិវាថ្ញៃទី៥ មិថុនា សម្អាតបរិស្ថានពិភពលោក និងថ្ញៃទី ២៣ វិច្ចការ ទិវាសម្អាតបរិស្ថានជុំវិញខេត្តជារៀងរាល់ឆ្នាំ ព្រមទាំងធ្វើការសហការជាមួយនិងអង្គការក្រៅរដ្ឋាភិបាលដែលធ្វើការងារផ្នែកអប់រំ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឯកជន ទិញធុងសម្រាមដាក់តាមទីសាធារណ:ជាដើម។
ភណ្ឌ័ប៉ាង