ប្រជាពលរដ្ឋ​ឃុំ​កោះសំរោង ចំនួន ១.៥០០​គ្រួសារ បានទទួល​អំណោយ​សម្ដេច ហ៊ុន សែន

នួន សត្យា

(​កំពង់ចាម​)៖ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម និង លោក សៀង ណាំ អ្នកដំណាងរាស្ត្រ​មណ្ឌល​ខេត្តសៀមរាប នៅ​ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ​២០២១ នេះ បាន​ចុះ​សំណេះសំណាល និង​នាំយក​អំណោយ​របស់ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ផ្តល់ជូន​ប្រជាពលរដ្ឋ​ចំនួន​១.៥០០​គ្រួសារ នៅ​ឃុំ​កោះ​រោង ស្រុក​កំពង់សៀម ខេត្តកំពង់ចាម ។

​ស្ថិតក្នុង​ឱកាស​នោះ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម បាន​ក្រើនរំលឹក​ដល់​ប្រជាពលរដ្ឋ នៅតាម​មូលដ្ឋាន ឲ្យ​បន្ត​យកចិត្តទុកដាក់ ក្នុងការ​ចូលរួម​អនុវត្ត​ឲ្យ​បាន​ម៉ឺងម៉ាត់ នូវ​វិធានការ​ការពារ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​មូលដ្ឋាន​របស់ខ្លួន ។

​សំដៅ​ធ្វើយ៉ាងណា​កាត់ផ្តាច់​ខ្សែចម្លង​ជម្ងឺ កូ​វីដ​-១៩ ពី​សហគមន៍​មួយ ទៅ​សហគមន៍​មួយទៀត ជាពិសេស ត្រូវអនុវត្ត​នូវ​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី គឺ​៣​កុំ និង​៣​ការពារ ។​

​សូមបញ្ជាក់ថា អំណោយ​ដែល​បានផ្ដល់​ជូន ប្រជាពលរដ្ឋ​ចំនួន ១,៥០០​គ្រួសារ ក្នុង​១​គ្រួសារ ទទួលបាន​អង្ករ ២០​គីឡូក្រាម និង​ត្រី ខ ១​យួរ​។​