អភិបាលខេត្ត​កំពង់ចាម​៖​យុវជន​គឺជា​កម្លាំង​ដ៏​សំខាន់​ក្នុងការ​ចូលរួមចំណែក ការពារ កសាង សង្គមជាតិ​របស់​យើង​

អត្ថបទ៖ នួន សត្យា

ក្នុង​កិច្ចប្រជុំ​បូកសរុប​ការងារ​ឆ្នាំ ២០២០ និង​លើក​ទិសដៅ​ឆ្នាំ ២០២១ របស់ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តកំពង់ចាម នៅ​ព្រឹក​ថ្ងៃទី ១៨ ខែកុម្ភៈ​ឆ្នាំ ២០២១​នេះ អភិបាលខេត្ត​កំពង់ចាម​ឯកឧត្តម អ៊ុន ចាន់​ដា បាន​មានប្រសាសន៍ថា យុវជន​គឺជា​កម្លាំង​ដ៏​សំខាន់​ក្នុងការ​ចូលរួមចំណែក ការពារ កសាង​សង្គមជាតិ​របស់​យើង ។

​ ឯកឧត្តម អភិបាលខេត្ត បាន​ថ្លែងបន្តថា ក្នុង​ឆ្នាំ ២០២០ កន្លងទៅនេះ ខេត្តកំពង់ចាម បាន​ឆ្លងកាត់​វិញ្ញាសា​ថ្មី​មួយ ដែលជា​វិញ្ញាសា​ប្រវត្តិសាស្ត្រ ១០០ ឆ្នាំ​កើត​ម្ដង គឺ​បញ្ហា​នៃ​ជំងឺ​កូ​វីដ​១៩​។ ពេលនោះ​ហើយ ដែល​ក្រុមយុវជន (​សស​យក​) បាន​បញ្ចេញ​សកម្មភាព​យ៉ាង​សស្រាក់សស្រាំ រួមសហការ​ជាមួយ​រដ្ឋបាល​ខេត្តកំពង់ចាម ក្នុងការ​រៀបចំ​ក្នុង​ក្របខណ្ឌ គណៈកម្មការ ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​១៩ របស់​ខេត្ត ។​

​ជាក់ស្តែង ដូចជា​ព្រឹត្តិការណ៍​កើតឡើង​មុនគេ គឺ​នាវា​ទេសចរណ៍​មួយគ្រឿង បាន​នាំ​អ្នក​ផ្ទុក​ជំងឺ​កូ​វីដ​១៩ មក​ទឹកដី​ខេត្តកំពង់ចាម ដែល​ពេលនោះ មាន​ ឯកឧត្តម ហាន កុសល អភិបាលរង​ខេត្ត និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ខេត្តកំពង់ចាម ដឹកនាំ​ក្រុមយុវជន​យើង ចូលរួម​យ៉ាង​មមាញឹក រៀបចំ​កន្លែង​ស្នាក់នៅ សម្រាប់​អ្នកជំងឺ ។​ជា​បន្ត​បន្ទាប់មកទៀត ចំណង​សាមគ្គីភាព​របស់​ក្រុមយុវជន​យើង បាន​បន្ត​រួម​ការងារ​ជាមួយនឹង​អាជ្ញាធរខេត្ត អនុវត្ត​ការងារ ជា​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​របស់​យើង​ជាច្រើន​ទៀត ដែល​កត្តា​ទាំងនោះ បានបញ្ជាក់​ឲ្យ​ឃើញថា យុវជន​របស់​យើង កាន់តែ​មានការ​យល់ច្បាស់ នូវ​តម្លៃ​របស់ខ្លួន​ក្នុងការ ចូលរួម កសាង ការពារ​សង្គមជាតិរ​បស់​យើង ។

​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តកំពង់ចាម​ ឯកឧត្តម ហាន កុសល បាន​ថ្លែងថា ភាពជា​យុវជន ចាប់ផ្ដើម​ពី​ការទទួលបាន​នូវ​ឱកាស ដែល​អាចឱ្យ​ពួកគាត់​ធ្វើតេស្ត​នូវ​ចំណេះដឹង ជំនាញ និង​សមត្ថភាព ព្រមទាំង​គំនិត​ច្នៃប្រឌិត​របស់​ពួកគាត់ ដើម្បី​បង្កើតបានជា​បទពិសោធ​ន៍​ថ្មីៗ ពង្រីក​គំនិត​ច្នៃប្រឌិត​របស់​ពួកគាត់ អោយ​កាន់តែខ្លាំង ដើម្បី​ឲ្យ​ពួកគាត់​អាចធ្វើ​ដំណើរ​ទៅមុខ​បាន​ដោយ​ទំនុកចិត្ត និង​ចេះ​ដោះស្រាយ​រាល់​បញ្ហា​ដែល​ពួកគេ​ជួបប្រទះ នៅពេលដែល​ពួកគេ​ធ្វើ​កំពុងធ្វើដំណើរ ។

​ជាមួយគ្នា​នោះដែរ ឯកឧត្តម ហាន កុសល ក៏បាន​ថ្លែងអំណរគុណ ដល់​អស់លោក លោកស្រី ដែលជា​ប្រធាន​មន្ទីរ​អង្គភាព អភិបាលក្រុង​-​ស្រុក ដែល​បាន​ជួយ​ជ្រោមជ្រែង ឧបត្ថម្ភ​គាំទ្រ សម្របសម្រួល ដល់​ការងារ​អនុវត្ត​របស់ សមាជិក សមាជិកា នៃ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តកំពង់ចាម ឲ្យ​សម្រេចបាន​ជោគជ័យ​ក្នុង​ឆ្នាំ ២០២០ កន្លងមក​។

​លោកជំទាវ ដាំ​ដា រា​នី រដ្ឋលេខាធិការ​ក្រសួងការពារជាតិ និង​ជា​អនុប្រធាន​ទី​១ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន​មានប្រសាសន៍ថា ពិធី​ជួបជុំគ្នា​ថ្ងៃនេះ ពិតជា​បាន​ឆ្លុះបញ្ចាំង នូវ​ការ​សាមគ្គីភាព​របស់​គ្រួសារ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ក្នុង​ការបន្ត​បេសកកម្ម​ជួយ​ដល់​សង្គម មនុស្សធម៌ ជាពិសេស បន្ត​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែលមាន​គោលការណ៍​បណ្ដុះបណ្ដាល​យុវជន​កម្ពុជា ឱ្យ​ក្លាយជា​សសរទ្រូង ដ៏​រឹងមាំ​សម្រាប់​ប្រទេសជាតិ ។

​ក្រៅពី​ការ​ពាំនាំ​ប្រសាសន៍​ផ្ដាំផ្ញើ​របស់ ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា អ្នកស្រី ដាំ​ដា រា​នី ក៏បាន​ថ្លែងអំណរគុណ ដល់​ថ្នាក់ដឹកនាំ​ខេត្តកំពង់ចាម និង​អ្នកពាក់ព័ន្ធ ដែល​បាន​ចូលរួម​យ៉ាងសកម្ម និង​រឹងមាំ​ជាមួយ​ក្រុមយុវជន​(​សស​យក​) ជាមួយ​កិច្ចការ​របស់​រាជរដ្ឋាភិបាល ក្នុង​ការជួយ​សង្គមជាតិ​របស់​យើង​។​