មន្ទីរកិច្ចការនារីខេត្តកំពង់ចាម អំពាវ នាវដល់ស្រ្តីចូលរៀនជំនាញកែច្នៃចំណីអាហារ បង្កើនមុខរបរ ពង្រីកជីវភាពគ្រួសារ

អត្ថបទដោយ៖ លោកស្រី ពុធ ធាវី

លោកស្រី ដុក លីនដា ប្រធានការិយាល័យអភិវឌ្ឍន៍នៃមន្ទីរកិច្ចការនារីខេត្តកំពង់ចាម មានប្រសាសន៍ថា ឆ្នាំ២០២០នេះ មន្ទីរកិច្ចការនារីខេត្តកំពង់ចាម បានចុះបើកវគ្គបណ្តុះបណ្តាលជំនាញកែច្នៃចំណីអាហារ បានចំនួន៧ដង ដើម្បីបង្កើនមុខរបរដល់ស្រ្តីនៅតាមមូលដ្ឋាន ពិសេសស្រ្តីនិងភាពស្រស់ស្អាតនៅក្នុងគ្រួសារ។ លោកស្រីលើកឡើងបែបនេះ ប្រាប់វិទ្យុជាតិភ្នំប្រុសភ្នំស្រីខេត្តកំពង់ចាម នាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០។


លោកស្រី ដុក លីនដា បានឲ្យដឹងថា ទោះបីឆ្នាំ២០២០នេះ ប្រទេសកម្ពុជាមានវិបត្តិជំងឺកូវីដ​១៩ ប៉ុន្តែមិនរាំងស្ទះដល់ការចុះបើកបង្រៀនជំនាញកែច្នៃចំណីអាហារដល់ស្រ្តីនៅតាមមូលដ្ឋានឡើយ ដោយបានបើកវគ្គបណ្តុះបណ្តាលបានចំនួន៧លើក មានស្រុកព្រៃឈរ ស្រុកជើង ព្រៃ និងស្រុកបាធាយ។

ជំនាញកែច្នៃចំណីអាហារទាំងនោះ មានដូចជា ត្រសក់ចាវ ដំណាប់ចេក ដំណាប់កន្ទួត ដំណាប់ល្មុត ធ្វើផ្អក ប្រហុកជាដើម ហើយការចូលរួមមិនចំណាយថវិការឡើយ។
លោកស្រីបញ្ជាក់ថា បើប្រជាពលរដ្ឋពិសេសស្រ្តីចង់ទទួលបានជំនាញទាំងនេះ សូមធ្វើសំណើរតាមរយៈអាជ្ញាធរភូមិ ឃុំ មកមន្ទីរកិច្ចការនារី ឬទូរសព្ទមកលេខ៖ 042 210 230 និង 012 666 141 ៕