សាខា​កាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម ប្រារព្ធ​រៀបចំ​ទិវា​ពិភពលោក​ប្រយុទ្ធ​នឹង​ជម្ងឺអេដស៍ ១​ធ្នូ ២០២១ ក្រោម​ប្រធានបទ «​បញ្ចប់​វិសមភាព បញ្ចប់​អេដស៍ បញ្ចប់​ជំងឺឆ្លង​រាតត្បាត​សកល​»

ថុង សីហា

​ដើម្បី ចូលរួម​ទិវា​ពិភពលោក​ប្រយុទ្ធ​នឹង​ជម្ងឺអេដស៍ ១​ធ្នូ ២០២១ ក្រោម​ប្រធានបទ «​បញ្ចប់​វិសមភាព បញ្ចប់​អេដស៍ បញ្ចប់​ជម្ងឺឆ្លង​រាតត្បាត​សកល​»​នេះ សាខា​កាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម និង​ក្រុមការងារ ឥស្សរជន​ឆ្នើម​ថ្នាក់​សាខា នៅ​ព្រឹក​ថ្ងៃទី​០១ ខែធ្នូ ឆ្នាំ​២០២១​នេះ បាន​ប្រារព្ធ​រៀបចំ​ពិធី សំណេះ សំ​ណា​ល នៅក្នុង​ទីស្នាក់ការ​សាខា ក្រោម​អធិបតីភាព លោកជំទាវ ប៉ាង ដា​នី អនុប្រធាន​អចិន្ត្រៃយ៍​សាខា និង​ជា​ប្រធាន​ក្រុមការងារ​ឥស្សរជន​ឆ្នើម​ថ្នាក់​សាខា ដោយមាន​ការអញ្ជើញ​ចូលរួម​ពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជា​សមាជិក សមាជិកា​គណៈកម្មាធិកា​រ​សាខា លោកស្រី ប្រធាន​អនុសាខា​ក្រុង​កំពង់ចាម​-​អនុសាខា ស្រុក​កំពង់សៀម រួមជាមួយ​អ្នក​ផ្ទុកមេរោគ​អេដស៍ អ្នកស្ម័គ្រចិត្ត​ភូមិ សង្កាត់ ទីប្រឹក្សា និង​យុវជន​កាកបាទក្រហម​កម្ពុជា មកពី​វិទ្យាល័យ​តេ​ជោ ហ៊ុនសែន បឹង​កុក និង វិទ្យាល័យ ដីដុះ សរុប​ទាំងអស់ ចំនួន ៧៩​នាក់ ផងដែរ ។​

នាឱកាស​នោះ លោកជំទាវ ប៉ាង ដា​នី បាន​អាន​ផ្សព្វផ្សាយ នូវ​សារលិខិត របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា និង​ជា​ឥស្សរជន​ឆ្នើម​ថ្នាក់ជាតិ នៃ​វេទិកា​ភាពជា​អ្នកដឹកនាំ​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក ឆ្លើយតប​មេរោគ​អេដស៍ ជម្ងឺអេដស៍ និង​ការអភិវឌ្ឍ នៅ​កម្ពុជា ជូន​ចំពោះ​បងប្អូន​ជនរួមជាតិ ក្នុងឱកាស​ទិវា​ពិភពលោក​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ ១​ធ្នូ ឆ្នាំ​២០២១ ដោយ​ក្នុងនោះ សារលិខិត បាន​អំពាវនាវ ដល់​បងប្អូន​ជនរួមជាតិ សូម​បន្ត​អនុវត្ត​នូវ​ចំណុច​សំខាន់ៗ ដូចខាងក្រោម ដើម្បី​សុខុមាលភាព​គ្រួសារ និង​សង្គម ដែល​ក្នុងនោះ មាន ៖ ១.​សូម​បងប្អូន​ប្រជាពលរដ្ឋ ក្មួយៗ​យុវជន​យុវនារី សិក្សា​ស្វែងយល់​ជាប្រចាំ នូវ​ចំណេះដឹង​ថ្មីៗ ស្តីពី​ការបង្ការ​ការចម្លង​មេរោគ​អេដស៍ ក្នុង​គ្រួសារ សហគមន៍ និង​សង្គមជាតិ ដើម្បី បញ្ចប់​ជម្ងឺអេដស៍ នៅ​ឆ្នាំ​២០២៥ ឱ្យបាន​តាម​ការគ្រោងទុក ។ ២.​ក្នុងករណី​សង្ស័យថា បាន​ប្រឈម​នឹង​ការឆ្លង​មេរោគ​អេដស៍ ត្រូវ​ស្វែងរក​សេវា​ផ្តល់​ប្រឹក្សា និង​ធ្វើតេស្ត​ឈាម​រក​មេរោគ​អេដស៍ ដោយ​ស្ម័គ្រចិត្ត ដើម្បី ទទួលបាន​សេវា​ថែទាំ និង​ព្យាបាល​ទាន់ពេលវេលា ។ ៣. ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ ត្រូវ​ស្វែងរក​សេវា​ថែទាំ និង​ពិនិត្យ​ផ្ទៃពោះ ឱ្យបាន​ត្រឹមត្រូវ និង​ទៀងទាត់​តាម​ការណែនាំ របស់​បុគ្គលិក​ពេទ្យ ទប់ស្កាត់​ការចម្លង​មេរោគ​អេដស៍ ពី​ម្តាយ​ទៅ​ទារក ដើម្បី ធានា​សុខុមាលភាព ទាំង​មាតា និង​ទារក ។ ៤.​ត្រូវ​ចូលរួម​បញ្ចប់​ការរើសអើង នូវ​គ្រប់​រូបភាព ចំពោះ អ្នក​ផ្ទុកមេរោគ​អេដស៍ និង​ជម្ងឺអេដស៍ ស្របតាម​ច្បាប់​ស្តីពី​ការបង្ការ និង​ទប់ស្កាត់​ការរីក​រាលដាល​មេរោគ​អេដស៍ និង​ជម្ងឺអេដស៍ នៅ​កម្ពុជា ។ ៥.​ត្រូវការពារ​ជាប្រចាំ តាមរយៈ​ការប្រើ​ស្រោមអនាម័យ ជាពិសេស ចំពោះ​ប្រជាពលរដ្ឋ​ទាំងឡាយ ដែលមាន​មុខរបរ​ប្រឈម​ខ្ពស់ ទៅនឹង​ការឆ្លង​មេរោគ​អេដស៍ ។ ៦.​ទន្ទឹមនឹង​ការយកចិត្តទុកដាក់ ចំពោះ​មេរោគ​អេដស៍ និង​ជម្ងឺអេដស៍ សូម​បងប្អូន​ប្រជាពលរដ្ឋ យកចិត្តទុកដាក់ ចំពោះ ជម្ងឺ​រាតត្បាត​សកល​កូ​វីដ​-១៩ ដោយ​ត្រូវការពារ​សុខភាព អនាម័យ​ឱ្យបាន​ខ្ជាប់ខ្ជួន រស់នៅ តាម​គន្លង​ប្រក្រតីភាព​ថ្មី ប្រកាន់ខ្ជាប់​នូវ​វិធាន​សុខាភិបាល «៣​ការពារ ៣​កុំ​» ដើម្បី ធានា​សុខុមាលភាព​គ្រួសារ សហគមន៍ និង​សង្គមជាតិ​យើង ។​

​ស្ថិត​ក្នុងឱកាស​នោះដែរ សាខា​កាកបាទក្រហម​ខេត្ត ក៏បានផ្តល់​នូវ​វត្ថុ​អនុស្សាវរីយ៍ ជូន​អ្នក​ផ្ទុកមេរោគ​អេដស៍ ៣២​នាក់ រួមមាន ៖ អង្ករ មី ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ មុង ភួយ ក្រមា សារុង ម៉ាស់ ទឹក​អាល់កុល សាប៊ូ និង​ថវិកា​ក្នុង​ម្នាក់ៗ ៥០.០០០​រៀល ។ ជាមួយ​នោះ ក៏បាន​ផ្តល់ជូន អ្នកស្ម័គ្រចិត្ត ទីប្រឹក្សា និង​យុវជន ក​ក្រក ចូលរួម​ទាំង ៣០​នាក់ នូវ ថវិកា មួយចំនួន ផងដែរ ៕​