អ្នកតំណាងរាស្ត្រ និងអភិបាលខេត្តកំពង់ចាម អញ្ជើញសម្ភោធផ្លូវបេតុងជាង២០០០ម៉ែត្រ នៅឃុំពាមកោះស្នា

នួន សត្យា

សមិទ្ធផលថ្មីជាផ្លូវបេតុងមួយខ្សែមានប្រវែង២,១៥៨ម៉ែត្រ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ណេង អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម និងអភិបាលខេត្តកំពង់ចាមឯកឧត្តម អ៊ុន ចាន់ដា នាព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២២ ស្ថិតនៅភូមិដីលើឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់។

អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម ឯកឧត្តម ហ៊ុន ណេង បានមានប្រសាសន៍សំណេះសំណាលទៅកាន់ប្រជាពលរដ្ឋក្នុងឱកាសនោះថា បន្ទាប់ពីបានចុះពិនិត្យដោយផ្ទាល់មើលឃើញថាប្រជាពលរដ្ឋក្នុងតំបន់មានការលំបាកក្នុងការធ្វើដំណើរជាពិសេសនៅរដូវភ្លៀងធ្លាក់។ដូច្នោះហើយទើបលោកបានផ្ដួចផ្ដើមគំនិតដោយមានការគាំទ្រពីអភិបាលខេត្តនិងមានការឧបត្ថម្ភជាថវិកាពីសំណាកអ្នកឧកញ៉ា ហ៊ុន តូ ទើបដំណើរការសាងសង់ផ្លូវបេតុងមួយខ្សែដែលមានទទឹងជាង៤ម៉ែត្រ និងបណ្ដោយជាងពីរពាន់ម៉ែត្រដោយចាប់សាងសង់ពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ បានសម្រេចរួចរាល់ជាស្ថាពរនៅដើមខែគុម្ភ:នេះ។

ឯកឧត្តម ហ៊ុន ណេង បានមានប្រសាសន៍បន្តថាដោយសារប្រទេសមានសុខសន្តិភាពបានធ្វើឱ្យប្រជាពលរដ្ឋមានជីវភាពធូរធារនិងប្រទេសជាតិមានការអភិវឌ្ឍលើគ្រប់វិស័យក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនជានាយករដ្ឋមន្ត្រី។ដូច្នេះប្រជាពលរដ្ឋក៏ដូចជាអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវបន្តថែរក្សាសុខសន្តិភាពឲ្យបានយូរអង្វែងដោយនាំគ្នាអនុវត្តទៅតាមកម្មវិធីនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាលក្នុងនោះ៖
*ទី១៖ត្រូវធ្វើឲ្យប្រទេសមានស្ថេរភាពនយោបាយសន្តិសុខសណ្ដាប់ធ្នាប់ល្អពោលគឺអនុវត្តតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាព។

*ទី២៖ធ្វើឱ្យប្រសើរឡើងនូវជីវភាពរបស់ប្រជាពលរដ្ឋដោយក្នុងនោះផ្អែកទៅលើវិស័យកសិកម្មសិប្បកម្មឧស្សាហកម្មនិងការទំនាក់ទំនងនាំអ្នកវិនិយោគិនមកវិនិយោគក្នុងស្រុកដើម្បីបង្កើនការងារឱ្យប្រជាពលរដ្ឋក្នុងការរកចំណូលដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារឱ្យប្រសើរឡើង។

*ទី៣៖ការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋដែលប្រការនេះអាជ្ញាធរគ្រប់លំដាប់ថ្នាក់បានធ្វើនិងកំពុងធ្វើជូនប្រជាពលរដ្ឋកាន់តែប្រសើរឡើងហើយ។

*ទី៤៖គឺគិតគូរអំពីបញ្ហាសុខភាពជូនប្រជាពលរដ្ឋដែលប្រការនេះដែរសម្រាប់ស្រុកស្ទឹងត្រង់ថ្នាក់ដឹកនាំបានរៀបចំក្រុមគ្រូពេទ្យស្ម័គ្រចិត្តចុះពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋដល់មូលដ្ឋានក្នុងមួយខែម្ដងហើយកិច្ចការនោះបានផ្អាកនៅពេលដែលមានជំងឺកូវីដ១៩ផ្ទុះឡើងនៅតាមសហគមន៍។ហើយមន្ត្រីសុខាភិបាលត្រូវបង្វែរទិសដៅក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩រហូតមកដល់បច្ចុប្បន្ននេះប្រទេសយើងបានធូរស្រាលហើយប្រជាពលរដ្ឋបានរស់នៅធម្មតាតាមកន្លងថ្មីគឺអនុវត្តទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល៣កុំនិង៣ការពារ។

ឯកឧត្តម ហ៊ុន ណេង បានបញ្ជាក់ថាបន្ទាប់ពីប្រទេសជាតិបានធូរស្រាលពីជំងឺកូវីដ១៩នេះក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់លោកនឹងត្រូវបានរៀបចំឲ្យដំណើរការចុះព្យាបាលប្រជាពលរដ្ឋតាមឃុំនីមួយៗឡើងវិញផងដែរ៕