លោកជំទាវ អន​ហេង លក្ខិណា ប្រធាន​គណៈកម្មាធិការ​ពិគ្រោះ​យោបល់​កិច្ចការ​ស្ត្រី និង​កុមារ ខេត្តកំពង់ចាម​នាំយក​សម្ភារៈ​សិក្សា និង​ថវិកា​លើកទឹកចិត្ត​ដល់​សិស្សានុសិស្ស​មាន​ជីវភាព​ខ្វះខាត​ដែល​ទើប​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ និង​បឋមភូមិ​

ថ្ងៃទី​០៦ ខែមករា ឆ្នាំ​២០២១ លោកជំទាវ អន​ហេង លក្ខិណា ប្រធាន​គណៈកម្មាធិការ​ពិគ្រោះ​យោបល់​កិច្ចការ​ស្ត្រី និង​កុមារ ខេត្តកំពង់ចាម​បាន​ដឹកនាំ​ក្រុមការងារ​នាំយក​សម្ភារៈ​សិក្សា និង​ថវិកា ចុះសួរសុខទុក្ខ និង​លើកទឹកចិត្ត​ដល់​សិស្សានុសិស្ស​មាន​ជីវភាព​ខ្វះខាត​ដែល​ទើប​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ និង​បឋមភូមិ​ចំនួន​៤​នាក់​នៅ​វិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង ស្ថិតក្នុង​ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម​។​

​គួរ​រំលឹក​ផងដែរ​ថា​កន្លងមក​ក្រុមការងារ​ធ្លាប់បាន​ចុះទៅ​លើកទឹកចិត្ត​ប្អូនៗ​ចំនួន​៣​នាក់​ដែលមាន​ជីវភាព​ខ្វះខាត​បំរុង​បោះបង់​ការសិក្សា​ត្រឹម​ថ្នាក់​ទី​៩ ឲ្យ​បាន​ចូលរៀន​ឡើងវិញ ពេលនេះ​ប្អូនៗ​បាន​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ ដោយ​ទទួលបាន​និទ្ទេស​ល្អ​ទៀតផង​។ ក្នុងនោះ​ក្រុមការងារ​ក៏បាន​លើកទឹកចិត្ត​ដល់​ប្អូនស្រី​ម្នាក់ទៀត​ជួប​ការលំបាក​ក្នុង​ជីវភាព​ដែល​កំពុង​សិក្សា​ថ្នាក់​ទី​១២ ត្រៀមប្រឡង ប្អូន​មានការ​តស៊ូ​ក្នុងការ​សិក្សា ធ្វើការ​បណ្ដើរ រៀន​បណ្ដើរ​ក្នុងនាម​ជា​កូនកំព្រា​ឪពុក ។ ដោយ​មើលឃើញ​ទឹកចិត្ត​ខិតខំ​របស់​ប្អូន លោកស្រី​វេជ្ជបណ្ឌិត ចាប់ ច័ន្ទ​ធិ​តា អនុប្រធាន​មន្ទីរពេទ្យ​ខេត្ត និង​ជា​សមាជិកា គ​.​ក​.​ស​.​ក ខេត្ត​បាន​សន្យា​ជូន​ប្រាក់ ១០០​ដុល្លារ​ដល់​ប្អូន​ជាការ​លើកទឹកចិត្ត​នៅពេល​ប្រឡង​ជាប់​។​

​ជាក់ស្ដែង​ថ្ងៃនេះ​លោកជំទាវ​ប្រធាន​បាន​នាំយក​អំណោយ​ជា​សម្ភារៈ​សិក្សា និង​ថវិកា​មួយចំនួន​ជូន​ដល់​ប្អូនៗ​ជាការ​លើកទឹកចិត្ត​ឲ្យ​បន្ត​ការខិតខំ​សិក្សា​រហូតដល់​ចប់​ចុង​ចប់​ដើម​ដើម្បី​អនាគត​មួយ​ដ៏​បវរ​។ លោកស្រី​វេជ្ជបណ្ឌិត​ក៏បានផ្ដល់​ជូន​នូវ​ថវិកា​១០០​ដុល្លារ​តាម​ការសន្យា​ដល់​ប្អូនស្រី​ដែល​ទើប​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ទោះបី​មិនបាន​ឆ្លងកាត់​ការប្រឡង​ក៏ដោយ​តែ​ប្អូន​បាន​ព្យាយាម​រៀនសូត្រ និង​មាន​ការតស៊ូ​ក្នុង​ជីវិត​។ លោកស្រី​ក៏បានផ្ដល់​ថវិកា​ម្នាក់​៥​មុ​ឺ​ន​រៀល​បន្ថែមទៀត​ដល់​ប្អូនៗ​៣​នាក់​ទៀត​ដែល​ទើប​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ​នោះ​ផងដែរ​។​