​​ស្រុកស្ទឹងត្រង់ អបអរសាទរខួបអនុស្សាវរីយ៍លើកទី ១១៣ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៤ ​

ស្រុកស្ទឹងត្រង់បានប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ១១៣ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៤ក្រោមប្រធានបទ «ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល»  នារសៀលថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៤ ។ ពិធីនេះប្រព្រឹត្តទៅក្រោម​អធិបតីភាព លោកជំទាកុល ធារិន សមាជិករដ្ឋសភា និងជាអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម ​លោកជំទាវ ខុន ស៊ុនអេង និង លោកជំទាវ ស្រី គឹមឆយ ទីប្រឹក្សាសម្ដេចប្រធានរដ្ឋសភាជាតិ ​។

លោកជំទាវ កុល ធារិន បានថ្លែងថា ថ្ងៃនេះ ជាថ្ងៃដ៏សែនរីករាយ ហើយមានសេចក្តីសោមនស្សយ៉ាងក្រៃលែង ដែលបានចូលរួមក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១១៣ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៤ នៅស្រុកស្ទឹងត្រង់ ដែលប្រធានបទឆ្នាំនេះ គឺ «ស្រ្តី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល»

​លោកជំទាវ​បានបញ្ជាក់ថារាជរដ្ឋាភិបាលកម្ពុជាអាណត្តីទី៧ បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដែលរួមបញ្ចូលការងាររបស់ស្ត្រី ជាការចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិហើយបានផ្តល់ឱកាស និងលើកទឹកចិត្តឱ្យស្រ្តីមានតួនាទី និងមុខដំណែងជាអ្នកគ្រប់គ្រង និងដឹកនាំចាប់តាំងពីថ្នាក់ក្រោមជាតិរហូតដល់ថ្នាក់ដឹកនាំកំពូល។ ជាក់ស្តែង យើងមានសមាសភាពជានារីនៅក្នុងជួរថ្នាក់ដឹកនាំចាប់ពី ឃុំ សង្កាត់ ស្រុក ខណ្ឌ រាជធានី ខេត្ត ក្រសួងស្ថាប័ន ជាងនេះទៅទៀត ក្នុងជួររាជរដ្ឋាភិបាល រដ្ឋសភា និងព្រឹទ្ធសភា។ ប្រសិនបើស្រ្តីជាមាតា មានសុខភាពល្អ នោះកូន ស្វាមី និងគ្រួសារ ទាំងមូលក៏មាន សុខភាពល្អ មានសុភមង្គល និងមានឱកាស ចូលរួមសង្គមយ៉ាងពេញលេញក្នុងកិច្ចអភិវឌ្ឍន៍សង្គមជាតិដែរ។

នាឱកាសនោះលោកជំទាវ កុល ធារិន អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម ​មានប្រសាសន៍ថា ប្រធានបទ «ស្រ្តី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល» បានសបញ្ជាក់ឱ្យឃើញពីគុណតម្លៃយ៉ាងឧត្ដុង្គឧត្តមរបស់នារី ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែក សម្រេចឱ្យបាននូវក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជាដែលក្របខ័ណ្ឌនេះ បានកំណត់យកគោលការណ៍ចំនួន ៣ គឺ ការកសាងមូលដ្ឋានគ្រឹះឌីជីថល, ការចាប់យកឌីជីថល, ការធ្វើបដិវត្តកម្មឌីជីថល។ចក្ខុវិស័យរបស់ក្របខ័ណ្ឌគោលនយោបាយនេះ គឺ ការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថលរស់រវើក។​

ឆ្លៀតក្នុងឱកាសនោះផងដែរ ដើម្បីជាការចងចាំដ៏មានអត្ថន័យ និងរីករាយបំផុត​​ដែលបានប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ១១៣ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៤​ នៅស្រុកស្ទឹងត្រង់នះ ​លោកជំទាវ កុល ធារិន ក៏បានឧបត្ថម្ភ ហូល១ក្បិន ដ៏ស្រស់ស្អាត​ដល់បងប្អូនជានារីដែលចូលរួមផងដែរ។