អភិបាលខេត្ត​កំពង់ចាម ដាក់ចេញ​វិធាន​ការឱ្យ​អង្គភាព​សុខាភិបាល​ខេត្ត​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ ដើម្បី​បង្ការ ទប់ស្កាត់​នូវ​ជំងឺ​មួយចំនួន

(​កំពង់ចាម​)៖ អភិបាលខេត្ត​កំពង់ចាម​ ឯកឧត្តម អ៊ុន ចាន់​ដា បានដាក់​ចេញ​នូវ​វិធានការ អោយ​អង្គភាព​មន្ទីរ​សុខាភិបាល​រដ្ឋបាលខេត្ត ធ្វើការ​ផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ និង​អន្តរាគមន៍​ទប់ស្កាត់ ការកើតឡើង​នូវ​ជំងឺ មួយចំនួន​ដែលជា​ជំងឺ​មាន​ហានិភ័យ​ខ្ពស់ ដល់​អាយុជីវិត​ប្រជាពលរដ្ឋ ប្រសិនបើ​មានការ​ធ្វេសប្រហែស ។

​ ឯកឧត្តម ​អភិបាលខេត្ត​បានលើកឡើង​ដូច្នេះ​នៅ​ថ្ងៃទី ៩ ខែមិថុនា ឆ្នាំ​២០២២ ក្នុង​កិច្ចប្រជុំ​សាមញ្ញ លើក​ទី ៣៦ អាណត្តិ​ទី ៣ របស់​ក្រុមប្រឹក្សា​ខេត្ត នៅ​សាលាខេត្ត​កំពង់ចាម ។​ ឯកឧត្តម ​អភិបាលខេត្ត​បាន​ថ្លែងថា ដោយសារ​មាន សមាជិក​ក្រុមប្រឹក្សា​ខេត្ត​បានលើកឡើង​អំពី​បញ្ហា​ជំងឺ ៥​ប្រភេទ តើ​មាន​ហានិភ័យ​ខ្ពស់​ដល់​សុខមាលភាព​ប្រជាពលរដ្ឋ ក្នុងនោះ​មានដូចជា ៖
*​ទី​១ ៖ ជំងឺ​អុត​ស្វា *​ទី​២ ៖ ជំងឺ​កូ​វីដ​១៩ *​ទី​៣ ៖ ជំងឺ​ពងបែក *​ទី​៤ ៖ ជំងឺ​រលាក​ថ្លើម​ប្រភេទ​ថ្មី *​ទី​៥ ៖ ជំងឺគ្រុនឈាម ។​

​ ឯកឧត្តម ​អភិបាលខេត្ត​បន្តថា ជំងឺ​៥​ប្រភេទ​នេះ មាន​ជំងឺ​មួយចំនួន ប្រជាពលរដ្ឋ​បាន​ឆ្លងកាត់​រួចមកហើយ ប៉ុន្តែ​ក្នុងនោះ​មាន​ប្រភេទ​ជំងឺ​ថ្មីៗ ដែល​យើង​មិនទាន់បាន​ឆ្លងកាត់ ពិសេស​ដូចជា​ជំងឺ​អុត​ស្វា​ថ្មី ដែល​កើត​មាននៅ​បរទេស​នៅឡើយ ហើយ​វា​អាច​រាលដាល​មកដល់​ប្រទេស​យើង នោះ​ប្រសិនបើ​យើង​ធ្វេសប្រហែស ពុំមាន​វិធានការ​ទប់ស្កាត់ ។ ចំពោះ​ជំងឺ​រលាក​ថ្លើម​ប្រភេទ​ថ្មី ដែល​មិនទាន់​មានឈ្មោះ ត្រូវតែ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ឱ្យមាន​ការប្រុងប្រយ័ត្ន​ផងដែរ ។ ដោយឡែក​ចំពោះ​ជំងឺគ្រុនឈាម ជា​ប្រភេទ​ជំងឺ​មាន​ហានិភ័យ​ខ្ពស់ អាច​កើត​លើ​មនុស្ស​ចាស់ និង​ក្មេង មិនអាច​មើលស្រាល​បានទេ ពោល​ប្រសិនបើ​កើត​ហើយ​មិន​ធ្វើការ​ព្យាបាល​ឱ្យទាន់​ពេលវេលា​នោះ នឹង​ប្រឈម​ការបាត់បង់​អាយុជីវិត​។

​ ឯកឧត្តម ​អភិបាលខេត្ត បានដាក់​វិធានការ​មួយចំនួន​ដល់​អង្គភាព​សុខាភិបាល​រដ្ឋបាលខេត្ត​ដើម្បី​អនុវត្ត​ក្នុងនោះ ៖ *​ទី​១ ៖ ត្រូវ​បង្កើន​ការផ្សព្វផ្សាយ​ដល់​គ្រប់ផ្នែក​សុខាភិបាល​តាម​បណ្ដា​ស្រុក និង​ឃុំ គ្រប់​មន្ទីរពេទ្យបង្អែក និង​តាម​គ្លីនិក​ឯកជន ។​*​ទី​២ ៖ ត្រូវ​ជំរុញ​នូវ​ការបាញ់​ថ្នាំ​សម្លាប់​មូស​ខ្លា ធ្វើយ៉ាងណា​ឱ្យ​ប្រជាពលរដ្ឋ​មានការ​យល់ដឹង នឹង​លុបបំបាត់​ឲ្យ​អស់​នូវ​កន្លែង​ដែលជា​ប្រភព​បង្ក​ឲ្យ​កើត​មូស​ខ្លា ។ ជាមួយគ្នានេះ​ត្រូវ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ ប្រសិនបើ​មាន​កើត​ជំងឺគ្រុនឈាម ត្រូវ​ចាំបាច់​ប្រញាប់​ទៅរក​កា​ព្យាបាល​នៅតាម​មន្ទីរពេទ្យបង្អែក​របស់​រដ្ឋ ឬ​តាម​មណ្ឌល​សុខភាព ជៀសវាង​ការ​ទៅ​ផ្សំ​ថ្នាំ​ពី​គ្លីនិក​ឯកជន ៕​