ប្រកាស​ចូលកាន់​តំណែង អភិបាល អភិបាលរង នៃ​គណៈ​អភិបាល ក្រុង​កំពង់ចាម

នួន​ សត្យា

(​កំពង់ចាម​)៖ ប្រកាស លោក លី សុវណ្ណ ចូលកាន់​តំណែង​ជា​អភិបាលក្រុង​កំពង់ចាម ដោយ​លោក ចាន់​ផល្លី អតីត​អភិបាលក្រុង ចូលនិវត្តន៍ ។ ពិធី​នេះ​បានធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២២ នៅ​សាលាខេត្ត​កំពង់ចាម ក្រោម​អធិបតីភាព ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម​។

​ជាមួយគ្នា​នោះ​លោក សេង រដ្ឋា និង លោក ស្លេះ អ៉ី​សា ត្រូវបាន​ប្រកាស​ជា​អភិបាលរងក្រុង​កំពង់ចាម និង លោកស្រី ឈាន់ សុធី ជា​នាយក​រដ្ឋបាល ក្រុង​កំពង់ចាម​ផងដែរ ។លោក ចាន់ ផល្លី ទទួលភារកិច្ចថ្មី នៅរដ្ឋបាលខេត្តកំពង់ចាម ។

​ក្រោយពី​ការប្ដេជ្ញាចិត្ត របស់លោក លី សុវណ្ណ អភិបាល​ថ្មី ក្រុង​កំពង់ចាម ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម បាន​មានប្រសាសន៍​ផ្ដាំផ្ញើ​មួយចំនួន សម្រាប់​លោក​អភិបាលក្រុង​ថ្មី យកទៅអនុវត្ត​ដូចខាងក្រោម​នេះ ៖

*​ទី​១ ៖ ត្រូវ​ពង្រឹង​ការងារ​សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ និង​ការរក្សា​នូវ សុខសន្តិភាព ជូន​ប្រជាពលរដ្ឋ ។

*​ទី​២ ៖ ត្រូវខិតខំ​បន្ត​ពង្រឹង​ការផ្ដល់សេវា​ជូន​ប្រជាពលរដ្ឋ​ឲ្យ​កាន់តែ​ប្រសើរ​ថែមទៀត ទាំង​សេវាសាធារណៈ និង​សេវា​បម្រើ ។

*​ទី​៣ ៖ ត្រូវ​រៀបចំ​ការអភិវឌ្ឍ​ក្រុង ដើម្បី​ចលនា​ប្រឡងប្រណាំង​ទីក្រុង​ស្អាត ដើម្បី​រក្សា​អោយបាន នូវ​ជ័យលាភី​រំដួល ៣ ទង ដែល​ខេត្តកំពង់ចាម​ធ្លាប់​ទទួលបាន ។

*​ទី​៤ ៖ ត្រូវខិតខំ​បំពេញភារកិច្ច ក្នុង​កិច្ចការងារ​បោះឆ្នោតក្រុមប្រឹក្សា​ឃុំ សង្កាត់ ដែល​នឹង​ប្រព្រឹត្តទៅ នា​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០២២ ខាងមុខនេះ ។​

*​ទី​៥ ៖ ត្រូវ​រក្សា​សាមគ្គីភាព​ផ្ទៃក្នុង​ឲ្យ​បានល្អ ដែលជា​កត្តា​សំខាន់ ដើម្បី​សម្រេចបាន​ជោគជ័យ​លើ​ភារកិច្ច នៃ​អង្គភាព​របស់ខ្លួន ៕​