លោកជំទាវ ញូ​ង ចរិយា ៖ សុខសន្តិភាព និង​ស្ថេរភាព​នយោបាយ គឺជា​មូលដ្ឋានគ្រឹះ​ដ៏​ចាំបាច់ សម្រាប់​ការអភិវឌ្ឍន៍​

អត្ថបទ៖ នួន សត្យា

«​សុខសន្តិភាព និង​ស្ថេរភាព​នយោបាយ គឺជា​មូលដ្ឋានគ្រឹះ​ដ៏​ចាំបាច់ សម្រាប់​ការអភិវឌ្ឍន៍​» លោកជំទាវ ញូ​ង ចរិយា អ៊ុន ចាន់​ដា ប្រធានកិត្តិយស​សាខា​សមាគមនារី​កម្ពុជា ដើម្បី សន្តិភាព និង​អភិវឌ្ឍន៍ ខេត្តកំពង់ចាម បានលើកឡើង​ដូច្នេះ នៅ​រសៀល​ថ្ងៃទី ២៥ ខែមករា ឆ្នាំ​២០២១ ក្នុងឱកាស​អញ្ជើញ​ជា​អធិបតី នៃ​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០២០ និង​លើក​ទិសដៅ​បន្ត ឆ្នាំ​២០២១ របស់​របស់​សាខា​សមាគមន៍ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី លោក​-​លោកស្រី ថ្នាក់ដឹកនាំ និង អ្នកនាង កញ្ញា ជា​សមាជិក​សាខា សមាគមនារី​កម្ពុជា​ដើម្បី សន្តិភាព និង​អភិវឌ្ឍន៍​ខេត្តកំពង់ចាម សរុប​ចំនួន​១៨០​នាក់​។​

​ លោកជំទាវ ញូ​ង ចរិយា អ៊ុន ចាន់​ដា បាន​មានប្រសាសន៍​ក្នុងឱកាស​នោះ​ថា ក្នុងនាម​សាខា​សមាគមនារី​កម្ពុជា ដើម្បី សន្តិភាព និង​អភិវឌ្ឍន៍​ខេត្ត លោកស្រី សូម​សម្ដែង​នូវ​ការ កោតសរសើរ ចំពោះ លោកស្រី ប្រធាន​ប្រតិបត្តិ​សាខាសមាគម ដែល​បាន​ដឹកនាំ និង​ខិតខំ​ប្រឹងប្រែង ជម្នះ​ពុះពារ​បំពេញភារកិច្ច​បាន​យ៉ាង​ល្អ ក្នុងការ​សម្រួល​ទុក្ខលំបាក​របស់​ស្ត្រី និង​ជន​ងាយ​រងគ្រោះ ក្នុង​ខេត្ត​របស់​យើង ដែល​លទ្ធផល​ទាំងអស់នេះ បាន​ឆ្លុះបញ្ចាំង​អំពី​ការចូលរួមចំណែក​គាំទ្រ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ផងដែរ ។

លោកជំទាវ ញូ​ង ចរិយា បាន​មានប្រសាសន៍​សង្កត់ធ្ងន់​ថា « សុខសន្តិភាព និង​ស្ថេរភាព​នយោបាយ គឺជា​មូលដ្ឋានគ្រឹះ​ដ៏​ចាំបាច់ សម្រាប់ធ្វើ​ការអភិវឌ្ឍ​ប្រទេសជាតិ​របស់​រាជរដ្ឋាភិបាល » ។

​ លោកជំទាវបន្តថា ប្រទេសមួយ​មាន​សន្តិភាព គឺមាន​លទ្ធភាព ផ្តោត​ការយកចិត្តទុកដាក់​លើ​កិច្ចអភិវឌ្ឍន៍​សេដ្ឋកិច្ច សង្គម និង​សុខមាលភាព របស់​ប្រជាជន ។ ផ្ទុយទៅវិញ បើ​បាត់បង់​សន្តិភាព នោះ​អ្វីៗ​គ្រប់យ៉ាង រួមទាំង​សមភាព​យេនឌ័រ នឹងត្រូវ​បាត់បង់​ផងដែរ ដូច្នេះ​សន្តិភាព​គឺជា​ធាតុ​ផ្សំ​ដ៏​សំខាន់ សម្រាប់​ធានា​ចីរភាព នៃ​កិច្ចអភិវឌ្ឍន៍​។​

លោកជំទាវ ញូ​ង ចរិយា បានបញ្ជាក់​ផងដែរ​ថា បន្ទាប់ពី​ទទួលបាន​សុខសន្តិភាព​ពេញលេញ នៅ​ទូទាំងប្រទេស អាស្រ័យ​ដោយ​នយោបាយ​ឈ្នះ​ឈ្នះ ដែល​ផ្តួចផ្តើម​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី បានធ្វើ​ឲ្យ​កម្ពុជា​មានការ​ប្រែប្រួល រីកចម្រើន និង​មានការ​អភិវឌ្ឍន៍​ឥតឈប់ឈរ លើ​គ្រប់​វិស័យ ដូចដែល​យើង​បានឃើញ​ក្នុង​បច្ចុប្បន្ននេះ​។

​ទន្ទឹមនឹង​នោះដែរ លោកស្រី​ប្រធានកិត្តិយស សាខាសមាគម​នារី​ខេត្ត ក៏បាន​សំណូមពរ ដល់​ថ្នាក់ដឹកនាំ សមាជិកា​សាខា សមាគមនារី​កម្ពុជា ដើម្បី សន្តិភាព និង​អភិវឌ្ឍន៍ ខេត្តកំពង់ចាម សូម​យកចិត្តទុកដាក់​ផ្តោតលើ​ការងារ​សំខាន់ៗ ដែលជា​អាទិ៍​មាន ៖ ត្រូវ​ចេះ​ការពារ​ខ្លួន និង​ធ្វើ​អនាម័យ​ជាប្រចាំ ដើម្បី ជៀស​ផុតពី​ជម្ងឺ​គ្រប់​ប្រភេទ ពិសេស ជម្ងឺ COVID-19 ។ ត្រូវ​បន្ត​អនុវត្ត​ឲ្យ​បាន​ជោគជ័យ​នូវ​ទិសដៅ​ការងារ​ឆ្នាំ​២០២១ របស់​សាខា និង ពង្រឹង​រចនាសម្ព័ន្ធ រក្សា​ស្មារតី​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង ឲ្យ​កាន់តែ​រឹងមាំ​។​ពង្រឹងសមត្ថភាព​ផ្ទាល់ខ្លួន​ជាប្រចាំ ទាំង​ផ្នែក​ជំនាញ និង​បច្ចេកទេស ដើម្បី ជា​ផលប្រយោជន៍ និង​ឆ្លើយតប​នឹង​សេចក្តីត្រូវការ​របស់​ប្រជាពលរដ្ឋ​គ្រប់លំដាប់​ថ្នាក់ ពិសេស ស្ត្រី និង​កុមារ​៕​