អភិបាលរងខេត្តកំពង់ចាម ដឹកនាំកិច្ច ប្រជុំស្តីពីការបំពេញកំរងសំនូរស្ទង់មតិប្រចាំឆ្នាំ ២០២៤ របស់ធនាគារពិភព លោកប្រចាំនៅកម្ពុជា

អត្ថបទដោយ៖ ធឹម សារ៉ន

កំពង់ចាមៈ នារសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ ២០២៤ លោក លី សារ៉ារិទ្ធ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ចើញដឹកនាំកិច្ចប្រជុំស្តីពីការបំពេញកំរងសំនួរស្ទង់មតិប្រចាំឆ្នាំ ២០២៤ របស់ធនាគារពិភពលោកប្រចាំនៅកម្ពុជា ដោយ មានការចូលរួមពីមន្ទីរអង្គភាពពាក់ព័ន្ធ ជុំវិញខេត្តពាក់ព័ន្ធជាច្រើនរូប នៅសាលប្រជុំតូចសាលាខេត្ត។

ក្នុងឱកាសនោះ លោក អភិបាលរងខេត្ត ក៏បានលើកទឹកចិត្ដ ឲ្យអ្នកចូលរួមទាំងអស់ មេត្ដាផ្លាស់ប្ដូរមតិយោបល់ និងចូលរួមឲ្យបានសកម្ម នៅក្នុងកិច្ចសន្ទនានេះ ដែលធនាគារពិភពលោក ស្នើសុំមតិយោបល់ និងធាតុចូលនានា ពីលោកអ្នក ពីកម្មវិធី និងសកម្មភាពរបស់ ខ្លួននៅក្នុងប្រទេសកម្ពុជា ដើម្បីសម្រិតសម្រាំងកម្មវិធីរបស់ខ្លួន ឱ្យសម្រេចបានលទ្ធផល ។ លទ្ធផលនៃកិច្ចសន្ទនានេះ នឹងផ្ដល់ធាតុចូល ដល់ក្រសួងពាក់ព័ន្ធ និងរាជរដ្ឋាភិបាល ដើម្បីរៀបចំគោលនយោបាយតាមវិស័យ និងយុទ្ធសាស្ដ្រជារួម របស់រាជរដ្ឋាភិបាល។

ក្នុងឱកាសនោះដែរ លោកអភិបាលរងខេត្ត បានវាយតម្លៃខ្ពស់ចំពោះការចូលរួមនៅក្នុងកិច្ចប្រជុំថ្ងៃនេះ ក្នុងការពិគ្រោះយោបល់ដ៏មានសំខាន់ ការផ្តល់មតិយោបល់នេះ មិនគ្រាន់តែជួយតម្រែតម្រង់ទិសនៃការងាររបស់យើងនៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញឱ្យមានសមិទ្ធផល នៃការអភិវឌ្ឍកាន់តែប្រសើរ សម្រាប់ប្រទេសផងដែរ ៕