
(កំពង់ចាម)៖ នាល្ងាចថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ២០២១ លោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា ប្រធានសមាគមនារីថ្នាក់ខេត្ត អមដំណើរដោយលោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងជាប្រធានពហុវិស័យ ឆ្លើយតបទៅនឹងអំពើហិង្សាខេត្តកំពង់ចាម ព្រមទាំងក្រុមការងារ បានអញ្ជើញពិនិត្យស្ថានភាព កុមារីពីរនាក់ រងគ្រោះដោយករណីរំលោភបំពាន ពីសំណាក់ឪពុកបង្កើត និងបងប្រុសបង្កើត នៅស្រុកស្ទឹងត្រង់ បច្ចុប្បន្នកំពុងស្នាក់នៅ ថែទាំ ជាបណ្តោះអាសន្ន ក្នុងមណ្ឌលកុមារកំព្រា ខេត្តកំពង់ចាម ។
តាមបុគ្គលិកនៃមណ្ឌលកុមារកំព្រា ខេត្តកំពង់ចាម បានឲ្យដឹងថា លោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា ប្រធានសមាគមនារីថ្នាក់ខេត្ត អមដំណើរដោយ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងជាប្រធានក្រុមពហុវិស័យឆ្លើយតប ទៅនឹងអំពើហិង្សា ព្រមទាំងមានការចូលរួមពី លោកស្រី អនុប្រធាន សមាជិក សមាជិកានៃក្រុមការងារ រួមសហការសម្រប សម្រួលដោយលោក ទូច វឌ្ឍនា ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត និងជាប្រធានក្រុមការងារការពារជនរងគ្រោះ បានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមួយចំនួន មកចែកជូនកុមារីរងគ្រោះ ចំនួន ០២នាក់ ដោយពួកគាត់ រងគ្រោះដោយការរំលោភបំពាន និងរងការគំរាមកំហែង ពីសំណាក់ឪពុកបង្កើត និងបងប្រុសបង្កើត ដែលកុមារីម្នាក់អាយុ ០៩ឆ្នាំ រស់នៅភូមិអូរប្រឡោះ ឃុំអូរម្លូរ ស្រុកស្ទឹងត្រង់ និងកុមារីម្នាក់ទៀត អាយុ ១៤ឆ្នាំ រស់នៅភូមិគីឡូ ១០ ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់។

ប្រភពដដែលបន្តថា កុមារីទាំងពីរនាក់នេះ បច្ចុប្បន្នកំពុងស្នាក់នៅ ថែទាំ ជាបណ្តោះអាសន្ន ក្នុងមណ្ឌលកុមារកំព្រាខេត្តកំពង់ចាម រង់ចាំបញ្ជូនទៅស្តារនីតិសម្បទា នៅមណ្ឌលអង្គការដៃគូ។
ទន្ទឹមនោះដែរ លោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា ក៏បាននាំយកនូវសម្ភារ: និងស្បៀងអាហារ រួមទាំងថវិកាមួយចំនួន សម្រាប់ចែកជូនកុមារកំព្រា ព្រមទាំង ម៉ែដោះ ក្នុងមណ្ឌលកុមារកំព្រានេះផងដែរ ។
