ឯកឧត្តម ហ៊ុន ម៉ានិត អំពាវនាវដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ រួមគ្នានាំលុបបំបាត់ល្បែងស៊ីសង និងគ្រឿងញៀន

សរសេរអត្ថបទដោយ៖ ភ័ណ្ឌ ប៉ាង

កំពង់ចាម៖ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត មេបញ្ជាការរង នៃបញ្ជាការដ្ឋានកងទ័ពជើងគោក និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច នៃក្រសួងការពារជាតិ នៅថ្ងៃទី១១ ខែមិនា ឆ្នាំ២០២៤ នេះ បានអំពាវនាវទៅដល់ លោកអភិបាលស្រុក មេឃុំ មេប៉ុស្តិ៍ អនុភូមិ និងបងប្អូនប្រជាពលរដ្ឋនៅទូទាំងស្រុកចំការលើ ឲ្យរួមគ្នាលុបបំបាត់ល្បែងស៊ីសងខុសច្បាប់ និងគ្រឿងញៀន ដើម្បីកសាងសង្គម ឲ្យមានសណ្នាប់ធ្នាប់ និងមានសុភមង្គមក្នុងគ្រួសារ។

ឯកឧត្តម បានថ្លែងបែបនេះ ក្នុងឱកាសចូលរួមសម្ភោធឆ្លងសមិទ្ធផលនានា ក្នុងវត្តវង្សគត់បូរីសេរីភ្នំពេញ (ហៅវត្តសេរីភ្នំពេញថ្មី) ស្ថិតនៅភូមិដូនបុស ឃុំចំការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម។

ក្នុងពិធីសម្ភោធនោះដែរ ក៏មានការអញ្ជើញចូលរួមដោយ លោក ខ្លូត ចិន្តា អភិបាលរងខេត្តកំពង់ចាម លោកជំទាវ កុល ធារិន អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ចាម លោកជំទាវ ខុន ស៊ុនអេង ទីប្រឹក្សាសម្តេចប្រធានរដ្ឋសភាជាតិ លោកជំទាវ ស្រី គឹមឆយ ទីប្រឹក្សាសម្តេចប្រធានរដ្ឋសភាជាតិ និងឯកឧត្តម លោកជំទាវ គណៈប្រតិភូ អមដំណើរ អភិបាលស្រុក អាជ្ញាធរមូលដ្ឋាន លោកតា លោកយាយ បងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្សជាច្រើនទៀត។

ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានលើកឡើងថា ដើម្បីឆ្លើយតបទៅនិងវិធានការប្រយុទ្ធប្រឆាំងល្បែងស៊ីសងខុសច្បាប់ និងគ្រឿងញៀន ដែលស្ថិតក្នុងយុទ្ធសាស្ត្របញ្ចកោណ ជាកម្មវិធីនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាលដែលដឹកនាំដោយ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជណាចក្រកម្ពុជា គឺគ្នានការលេងល្បែងស៊ីសងខុសច្បាប់ក្នុងមូលដ្ឋាន និងគ្នានការប្រើប្រាស់គ្រឿងញៀនក្នុងសហគមន៍ជាដាច់ខាត់។

ឯកឧត្តមឧត្តមសេនីយ៍ឯក បានបន្តថា អាជ្ញាធរក្នុងមូលដ្ឋានដែលមានលោកមេឃុំ មេប៉ុស្តិ៍ ត្រូវសហការគ្នា ចុះទៅបង្រ្កាបរាល់ការបើកលួចលាក់លេងល្បែងស៊ីសង ដូចជា ជល់មាន់ ឡូតូ និងចាក់ឆ្នោតវៀតណាម ត្រូវធ្វើការជាប្រចាំថ្ងៃ ប្រចាំខែ កុំឲ្យកើតមានល្បែងស៊ីសងបន្តមានទៅទៀត។

ជាមួយគ្នានោះ ឯកឧត្តម ក៏បានអំពាវនាវ ទៅដល់បងប្អូនប្រជាពលរដ្ឋ សូមចូលរួមធ្វើជាភ្ងាក់ងារសម្ងាត់ ចាំរាយការណ៍មកកាន់ លោកមេភូមិ មេឃុំ និងប៉ូលីសប៉ុស្តិ៍ ដើម្បីចុះទៅបង្រ្កាបឲ្យបានទាន់ពេលវេលាផងដឺរ។

ឯកឧត្តម ហ៊ុន ម៉ានិត បានលើកឡើងបន្ថែមថា ចំពោះបងប្អូនប្រជាពលរដ្ឋដែលដឹងខ្លួនឯងលេងល្បែង សុំឲ្យបញ្ឃប់លេងបន្តទៅទៀត ព្រោះថា ការលេងល្បែងស៊ីសងគ្នានផលចំណេញសម្រាប់គ្រួសារនោះទេ ផ្ទុយទៅវិញ វាបានបំផ្លាញសុភមង្គលក្នុងគ្រួសារដោយសារ តែញៀនល្បែង និងអាចបង្កទៅជាជម្លោះក្នុងគ្រួសារ ព្រោះតែល្បែងស៊ីសងនេះផងដែរ ៕