លោកស្រី សម ផល្លា ដឹកនាំ​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០២២ និង​លើក​ទិសដៅ​ភារកិច្ច​អនុវត្ត​បន្ត​ឆ្នាំ​២០២៣ របស់​មន្ទីរ​ព័ត៌មាន​ខេត្តកំពង់ចាម​

​កាលពី​រសៀល ថ្ងៃទី​០២ ខែមករា ឆ្នាំ​២០២៣ លោកស្រី សម ផល្លា ប្រធាន​មន្ទីរ​ព័ត៌មាន បាន​ដឹកនាំ​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០២២ និង​ទិសដៅ​ភារកិច្ច​អនុវត្ត​បន្ត​ឆ្នាំ​២០២៣ របស់​មន្ទីរ​ព័ត៌មាន ។ កិច្ចប្រជុំ​នេះ​មានការ​អញ្ជើញ​ចូលរួម ពី​លោក​អនុប្រធាន​មន្ទីរ លោក លោកស្រី ប្រធាន អនុប្រធាន​កា​រិ​ល័យ​ទាំង​៥ ចំណុះ​ឲ្យ​មន្ទីរ​ព័ត៌មាន ជាច្រើន​នាក់ ផងដែរ ។​


បន្ទាប់ពី ការ​ទស្សនា ការពិភាក្សា និង​ការចូលរួម​មតិ​កែសម្រួល លើ​ក្លី​ប​វីដេអូរ​ស្តីពី​សមិទ្ធផល ៥​ឆ្នាំ របស់​រដ្ឋបាល​ខេត្តកំពង់ចាម និង​ការរាយការណ៍ អំពី​របាយការណ៍​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០២២ និង​ទិសដៅ​អនុវត្ត​ភារកិច្ច​អនុវត្ត​បន្ត​ឆ្នាំ​២០២៣ របស់​ការិយាល័យ​ទាំង ៥ ចំណុះ​ឲ្យ​មន្ទីរ​ព័ត៌មាន រួចមក លោកស្រី សម ផល្លា ប្រធាន​មន្ទីរ​ព័ត៌មាន បាន​ថ្លែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ ថ្នាក់ដឹកនាំ មន្ត្រីក្រោមឱវាទ នៃ​ការិយាល័យ​ទាំង​៥ ដែល​បាន​ខិតខំ​ប្រឹងប្រែង យកចិត្តទុកដាក់​បំពេ​ញ​ភារកិច្ច និង​ការរួបរួម​សាមគ្គី អនុវត្ត​នូវ​តួនាទី​របស់ខ្លួន ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ និង​ទទួលបាន​លទ្ធផល​ផ្លែផ្កា ជា​បន្តបន្ទាប់ ។ ជាក់ស្តែង ការយកចិត្តទុកដាក់ ក្នុងការ​ផ្សព្វផ្សាយ​នូវ​ព័ត៌មាន​តាមរយៈ​ប្រព័ន្ធ​នានា រួមមាន ÷ ទូរទស្សន៍ វិទ្យុ និង​ផេ​ក មួយចំនួនទៀត របស់​ការិយាល័យ​នីមួយៗ បាន​លឿន រហ័ស និង​ទាន់ពេលវេលា ដើម្បី បាន​ជ្រួតជ្រាប ទៅដល់​សាធារណជន នៅក្នុង​មជ្ឈដ្ឋាន ។
​ឆ្លៀត​ក្នុងឱកាស​នោះដែរ លោកស្រី​ប្រធាន​មន្ទីរ ក៏​ជម្រុញ​អោយ​ថ្នាក់ដឹកនាំ​ការិយាល័យ​នីមួយៗ ពង្រឹង​នូវ​សមត្ថភាព​មន្ត្រី​របស់ខ្លួន តាមរយៈ ការចែករំលែក​បទពិសោធ​ន៍ និង​ការផ្ទេរ​នូវ​ចំណេះដឹង​ផ្សេងៗ ដើម្បី បង្កើន​នូវ​ធនធានមនុស្ស ឲ្យ​បាន​កាន់តែច្រើន ជម្រុញ​ធ្វើអោយ​ការិយាល័យ​នីមួយៗ និង​អង្គភាព កាន់តែ​មានការ​អភិវឌ្ឍ​រីកចំរើន​ទៅមុខ ថែមទៀត ។ ក្រៅពីនោះ ការិយាល័យ​ជំនាញ ទូរទស្សន៍ និង​វិទ្យុ ត្រូវ​បង្កើន​ការផលិត​វីដេអូរ​ព័ត៌មាន បទ​យកការណ៍ និង​បទសម្ភាសន៍ ដើម្បី ផ្សព្វផ្សាយ​ទី​ក្នុង​ប្រព័ន្ធ​របស់ខ្លួន ឲ្យ​បាន​ច្រើន បន្ថែមទៀត ៕