លោកជំទាវ លាង វួចឆេង ជួបសំណេះសំណាលជាមួយ លោកតា លោកយាយជិត ២០០ នាក់ នៅស្រុកកំពង់សៀម

ដោយ៖ ភ័ណ្ឌ ប៉ាង

(កំពង់ចាម)៖ នារសៀលថ្ញៃទី ០៥ ខែឧសភា ឆ្នាំ២០២៤ នេះ លោកជំទាវ លាង វួចឆេង ភរិយា សម្តេចឧត្តមទេពញាណ ហ៊ុន ណេង បានរៀបចំពិធីសំណេះសំណាលជាមួយ លោកតា លោកយាយ និងបានធ្វើអាហារសាមគ្គី ជូនលោកតា លោកយាយ បងប្អូនប្រជាពលរដ្ឋ សរុប ១៦៨នាក់ ដែលពិធីនេះធ្វើឡើងនៅ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

ក្នុងពិធីសំណេះសំណាល និងពិសាអាហារសាមគ្គីនោះដែរ ក៏មានការអញ្ជើញចូលរួមដោយ អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ចាម នាយករងរដ្ឋបាលខេត្ត អភិបាលស្រុកកំពង់សៀម ប្រធានមន្ទីរធម្មការ និង កងកម្លាំងទាំងពីរផងដែរ។

ឆ្លៀតក្នុងឱកាសនោះដែរ លោកជំទាវ ក៏បានជូនពរទៅដល់ លោកតា លោកយាយ សុំឲ្យមានសុខភាពល្អបរិបូរណ៍ បញ្ញាញាណវាងវៃ អាយុយឺនយូរ ដើម្បីបន្តមើលថែកូន ចៅ និងជូនពរឲ្យគ្រប់ក្រុមគ្រួសារ មានបានសម្បូរសប្បាយរុងរឿង និងសូមប្រសិទ្ធជ័យយពរ ជូនចំពោះមន្ត្រីរាជការ សុំបានជួបតែសុភមង្គល និងវិបុលសុខគ្រប់ប្រការ។

ក្រោយពី ពិធីសំណេះសំណាលចប់ លោកជំទាវ លាង វួចឆេង បានជូនលោកតាជី យាយជី ចំនួន ៦៥នាក់ ដោយតាជីទទួលបានអាវសរ ខោចែវ ១កំប្លេរ និងថវិការ ៥០០០០រៀល យាយជីទទួលបានសារ៉ុង១ ថវិកា ៥០០០០រៀល និងបងប្អូនប្រជាពលរដ្ឋចំនួន ១០៣នាក់ ដោយក្នុងម្នាក់ៗ ទទួលបានសារ៉ុង១ និងថវិកាចំនួន ៥០០០០រៀល ផងដែរ។