រដ្ឋបាលខេត្តកំពង់ចាម បើកកិច្ចប្រជុំ ផ្សព្វផ្សាយលទ្ធផលការងារប្រចាំឆ្នាំ ២០២២ និងតម្រង់ទិសលើទម្រង់របាយការណ៍របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី-ខេត្ត

នួន សត្យា

កំពង់ចាម ៖ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ ២០២៣ នៅសាលាខេត្តកំពង់ចាម ឯកឧត្តម ហេង វណ្ណនី អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងតម្រង់ទិសលើទម្រង់របាយការណ៍របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី-ខេត្ត ដោយមានការចូលរួមពីឯកឧត្តម រាជ សុភន្ទ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍លេខាធិការដ្ឋាន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី-ខេត្ត ផងដែរ ។

ឯកឧត្តម ហេង វណ្ណី អភិបាលរងខេត្តកំពង់ចាម បានថ្លែងថា ផ្តើមចេញកត្តាសន្តិភាព ស្ថេរភាពនយោបាយ ដែលជាសសរស្ដម្ភដ៏រឹងមាំ សម្រាប់ការអភិវឌ្ឍន៍ និងជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋ វិនិយោគគិន អ្នកទេសចរ អន្ដរជាតិ ក្រោមការដឹកនាំប្រកបដោយភាពប៉ិនប្រសប់ និងឈ្លាសវៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៦នៃរដ្ឋសភា យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤។ ជាមួយនេះ ការតម្លើងប្រាក់បៀវត្ស បេឡាជាតិរបបសន្តិសុខសង្គម ធ្វើឱ្យមន្ត្រីមានឆន្ទៈខិតខំបំពេញការងារផ្ដល់សេវាជូនប្រជាពលរដ្ឋប្រកបដោយគុណភាព និងប្រសិទ្ធភាព។

ក្នុងរយៈពេល ១ឆ្នាំកន្លងទៅនេះ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម រួមជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ បានខិតខំប្រឹងប្រែងដោះស្រាយសំណើរ សំណូមពរ និងបញ្ហាប្រឈមនៅមូលដ្ឋានដែលប្រជាពលរដ្ឋបានលើកឡើង តាមរយៈ វេទិការរបស់ក្រុមប្រឹក្សាខេត្ត និងការចុះជួបដោយផ្ទាល់ជាមួយប្រជាពលរដ្ឋ និងការតាមរយៈបណ្តាញសង្គម។ ជាក់ស្តែង តាមរយៈការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង-ស្រុក ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់លើកទី៤ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត ដែលទទួលបាន សំណើរ សំណូមពរ និងក្តីកង្វល់របស់ប្រជាពលរដ្ឋ ចំនួន ៣១៦ករណី។

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម រួមជាមួយរដ្ឋបាលខេត្ត ខិតខំដោះស្រាយ និងឆ្លើយតបប្រកបដោយការទំនួលខុសត្រូវរាល់សំណើរ សំណូមពរ និងក្តីកង្វល់របស់ប្រជាពលរដ្ឋត្រូវបានដោះស្រាយ និងបន្តដោះស្រាយតាមរយៈសំណើទៅថ្នាក់ជាតិ សិក្សាដាក់បញ្ជូលក្នុងផែនការប្រចាំឆ្នាំរបស់ក្រសួងពាក់ព័ន្ធ។

ជាមួយគ្នានេះក្នុង ឆ្នាំ២០២២នេះ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម បានចុះរៀបចំធ្វើវេទិកាសាធារណៈ ដើម្បីប្រមូលបញ្ហាប្រឈម សំណូមពរ និងក្តីកង្វល់នៅមូលដ្នាន បានតែចំនួន ០១លើកប៉ុណ្ណោះ។ក្រៅពីនោះឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធាន អនុប្រធាន និងសមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម បានបន្តចុះតាមមូលដ្ឋានឃុំ-សង្កាត់ ទាំង១០ ក្រុង-ស្រុក ដើម្បីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដើម្បីប្រមូលបញ្ហាប្រឈម សំណូមពរ និងក្តីកង្វល់របស់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន បានចំនួន ១.២៤៨លើក ដោយមានប្រជាពលរដ្ឋចូលរួម សរុបចំនួន ២២៥.០៥០នាក់ ស្រី ៩៥.៣៧៦នាក់ និងបានចំណាយថវិកាថវិកា ៣.៣៧២.១១១.០០០រៀល និងប្រាក់ដុល្លារចំនួន ១៦១.៧៨១ដុល្លារ។

ឆ្លៀតយកឱកាសនេះ ក្នុងនាមក្រុមប្រឹក្សាខេត្ត និងក្នុងនាម ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម សូមគោរពថ្លៃងអំណរគុណដល់លើកទឹកចិត្តឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកានៃក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម ដែលបានចូលរួមខិតខំអស់កម្លាំងកាយ ប្រាជ្ញាស្មារតី រួមជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីចុះដោះស្រាយសំណូមពរ និងក្តីកង្វល់នៅមូលដ្ឋានយើងខ្ញុំប្រកបដោយប្រសិទ្ធភាព និងឆ្លើយតបបានទាន់ពេលវេលា ៕