រដ្ឋបាលខេត្ត​កំពង់ចាម រៀបចំ​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត ចុះ​ពិនិត្យ​និង​ព្យាបាល​ជម្ងឺ​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ​

នួន សត្យា

(​កំពង់ចាម​)៖ ដោយ​ប្រទេសជាតិ​មាន​សុខសន្តិភាព​ពេញលេញ រាជរដ្ឋាភិបាល ក៏ដូចជា​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ បាននិងកំពុង​គិតគូរ អំពី​សុខមាលភាព ពោលគឺ សន្តិភាព​ផ្លូវកាយ និង​សន្តិភាព​ផ្លូវចិត្ត ជូន​ប្រជាពលរដ្ឋ​ផងដែរ ។

​នេះ​ជាការ​លើកឡើង​របស់ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម ក្នុង​ពិធី​សំណេះសំណាល​មុនពេល​បើក​ការពិនិត្យ និង​ព្យាបាល​ជំងឺ​ទូទៅ ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ​នា​ព្រឹក​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ ២០២២ នៅ​ភូមិ​ឡឥដ្ឋ សង្កាត់​បឹង​កុក ក្រុង​កំពង់ចាម ។

​ ឯកឧត្តម​អភិបាលខេត្ត​បាន​ថ្លែងបន្តថា ពិតណាស់​នៅក្នុង​ខេត្តកំពង់ចាម មាន​មណ្ឌល​សុខភាព មន្ទីរពេទ្យបង្អែក និង​គ្លីនិក​ឯកជន​ទំនើបៗ ជាច្រើន ប៉ុន្តែ​ការបង្កើត​ឲ្យ​មាន​ក្រុមគ្រូពេទ្យ​ជំនាញ​ចុះ​ពិនិត្យ និង​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ​នៅពេលនេះ គឺ​ក្នុង​គោលបំណង​ដើម្បី​លើក​កំពស់​គុណភាព ជីវភាព​រស់នៅ របស់​បងប្អូន​ប្រជាពលរដ្ឋ ក៏ដូចជា​ការរួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ របស់​ប្រជាពលរដ្ឋ​យើង​ផងដែរ ។

​ ឯកឧត្តម អភិបាលខេត្ត​បាន​បញ្ជាក់ថា ស្របពេល​ជាមួយនិង​ប្រទេសជាតិ​របស់​យើង​មាន​សុខសន្តិភាព និង​មានការ​រីកចម្រើន​លើ​គ្រប់​វិស័យ ក្រោម​ការដឹកនាំ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី ធ្វើ​ឲ្យ​ក្រុង​កំពង់ចាម​បានទទួល​នូវ​ការអភិវឌ្ឍ​ជាច្រើន ក្នុងនោះ​មាន​សង្កាត់​ចំនួន​២ ដែលមាន​ការអភិវឌ្ឍ​ខ្លាំង គឺ​សង្កាត់​កំពង់ចាម និង​សង្កាត់​វាលវង់ ចំណែក​សង្កាត់ ២​ទៀត​មាន​សង្កាត់​សំបួរមាស និង​សង្កាត់​បឹង​កុក កំពុង​ត្រូវ​បានរៀបចំ​ជម្រុញ​ឲ្យ​មានការ​អភិវឌ្ឍ​ជា​បន្តបន្ទាប់ ដើម្បី​ឲ្យ​មាន​ភាព​ប្រហាក់ប្រហែលគ្នា នៃ​សង្កាត់​ទាំង​៤ ក្នុង​ក្រុង​កំពង់ចាម ។

​ប្រធាន​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត សាខាសមាគម​សិស្ស និស្សិត​បញ្ញា​វ័​ន្ត​ក្មេង​វត្ត​ខេត្តកំពង់ចាម លោក​សៅ សំបូរ បាន​ឲ្យ​ដឹងថា ថ្ងៃនេះ​មាន​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​ចំនួន ៣៦​នាក់ បានទទួល​ការឧបត្ថម្ភ​ថវិកា ពី ឯកឧត្តម ហ៊ុន ម៉ានិត ប្រធាន​គណៈអចិន្ត្រៃយ៍ សមាគម​សិស្ស​និស្សិត បញ្ញវន្ត​ក្មេង​វត្ត និងឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម និង​គណៈ​គ្រូពេទ្យ​ខេត្ត បានរៀបចំ​ឲ្យ​មាន​ការចុះពិនិត្យ​និង​ព្យាបាល​ជំងឺ​ទូទៅ ជូន​មនុស្ស​ចាស់ និង​កុមារ ដោយមាន​សេវា​ដក​ឆ្ម​ញ និង​ទីកន្លែង​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩​។